បណ្តាញសង្គម

ឆ្នាំមុនចិនបង្ហូរកាកសំណល់ជាង២០០លានម៉ែត្រគូបចូលក្នុងផ្ទៃសមុទ្រ ច្រើនជាងឆ្នាំ២០១៧

 (ប៉េកាំង)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងបរិស្ថានចិនបានឲ្យដឹងថា ប្រទេសចិនបានបញ្ចេញ កាកសំណល់ចំណុះ២០០.៧លាន ម៉ែត្រគូប ចេញទៅកាន់ផ្ទៃសមុទ្រ នៅភាគខាងកើតប្រទេស កាលពីឆ្នាំ២០១៨ ដែលវាគឺជាកំណើន២៧ភាគរយ ធៀបនឹងឆ្នាំ២០១៧។

នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។ បើតាមក្រសួងបរិស្ថានចិន កាកសំណល់ទាំងនោះភាគច្រើន ត្រូវបានបង្ហូរចូលទៅក្នុងទន្លេ Yangtze និង Pearl ដែលស្ថិតនៅភាគ ខាងកើតប្រទេស ក្បែរតំបន់ឧស្សាហកម្ម។

ចំពោះមុខការរិះគន់ ពីក្រុមអង្គការគាំពារ បរិស្ថានអន្តរជាតិ ជុំវិញការបង្ហូរកាកសំណល់ ទៅក្នុងទន្លេដែលនឹងហូរចេញទៅកាន់ផ្ទៃសមុទ្រនៅភាគខាងកើតប្រទេសចិនបែបនេះ អនុប្រធាននាយកដ្ឋានបរិស្ថានដែនសមុទ្រ នៃក្រសួងបរិស្ថានចិន លោក Huo Chuanlin បានអះអាងថា ស្ថានភាពជារួមនៃប្រភពទឹកនៅបណ្តោយឆ្នេររបស់ចិន មានលក្ខណៈ ល្អជាធម្មតា ខណៈចិនមិនអាចទទួលខុសត្រូវសម្រាប់វិបត្តិនៃការបំពុលដោយផ្លាស្ទិក នៅក្នុងមហាសមុទ្រជុំវិញពិភពលោកឡើយ។

លោក Huo បាននិយាយថា ចិនគឺជាប្រទេសផលិតនិងនាំចេញផលិតផលផ្លាស្ទិកធំជាងគេបំផុត ប៉ុន្តែមិនមែនមានន័យថា ចិនគឺជា ប្រទេសដែលបំពុលសារធាតុផ្លាស្ទិកខ្លាំងជាងគេ ទៅក្នុងមហាសមុទ្រនោះទេ។ កាលពីឆ្នាំមុន ក្នុងផ្ទៃទឹកទំហំ១,០០០ម៉ែត្រក្រឡា នៅ ប្រទេសចិន គឺជាមធ្យមមានកាកសំណល់ក៏ដូចជាសំរាមប្រហែល២៤គីឡូក្រាម ហើយ៩០ភាគរយនៃកាកសំណល់-សំរាមទាំងនោះ គឺជាសារធាតុផ្លាស្ទិក។

គួរជម្រាបថា នៅឆ្នាំ២០១៩នេះ ចិនក៏បានរៀបចំកញ្ចប់ថវិកា ទំហំជិតមួយពាន់លានដុល្លារ សម្រាប់យុទ្ធនាការសម្អាតឆ្នេរ Bohai ដែលរង ការបំពុលខ្លាំងផងដែរ៕

ដកស្រង់ពី៖ Fresh News