បណ្តាញសង្គម

កូរ៉េខាងជើងបាញ់តេស្តមីស៊ីលជាថ្មីទៀតហើយ, នេះបើតាមយោធាកូរ៉េខាងត្បូង

 (សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង មីស៊ីលជាថ្មីម្តងទៀត ដោយផ្លោងចូល ទៅក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន)។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅ រសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង ការបាញ់តេស្តមីស៊ីលនោះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃព្រហស្បតិ៍នេះ  ដោយមិនដឹងថា មីស៊ីលដែលកូរ៉េខាងជើង បានបាញ់តេស្ត គឺជាប្រភេទអ្វីឲ្យច្បាស់ ឬមួយក៏មានចំនួនប៉ុន្មានគ្រាប់ឡើយ ខណៈដែល ពួកគេកំពុងបន្តតាមឃ្លាំមើលស្ថានការណ៍។

គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែតុលា ទីក្រុងព្យុងយ៉ាង បានអះអាងថា ខ្លួនបានទទួលជោគជ័យក្នុងការធ្វើតេស្ត គ្រាប់មីស៊ីលផ្លោង ចេញពីនាវាមុជទឹកស៊េរីថ្មី ខណៈអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលជាច្រើនលើក ដែលភាគច្រើនគឺជាមីស៊ីលរយៈចម្ងាយខ្លី៕

ដកស្រង់ពី៖ Fresh news