បណ្តាញសង្គម

ការប្រកាសអាសន្នផ្នែកសុខភាព នៅរដ្ឋធានី Delhi របស់ឥណ្ឌា សាលារៀនត្រូវបិទរហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា

"ភាពអាសន្នផ្នែកសុខភាព" ត្រូវបានប្រកាសនៅក្នុងរដ្ឋធានីឥណ្ឌា និងតំបន់ក្បែរៗ នៅថ្ងៃសុក្រ ចំពេលមានការកើនឡើងកម្រិតនៃការបំពុលបរិយាកាសនៅក្នុង និងជុំវិញទីក្រុងដេលី Delhi ។

សាលារៀននានានៅភាគខាងត្បូងទីក្រុងដេលី ដែលជាកម្មសិទ្ធិរបស់សាជីវកម្មក្រុងដេលី ត្រូវបានបិទទ្វារ ហើយគ្រប់សកម្មភាពសាងសង់គ្រប់ប្រភេទនៅក្នុងទីក្រុងរដ្ឋធានី ត្រូវបានហាមឃាត់រហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា។

គ្រោះអាសន្នផ្នែកសុខភាព ត្រូវបានប្រកាសដោយគណៈកម្មាធិការដែលប្រគល់សិទ្ធិដោយតុលាការកំពូលនៃប្រទេសឥណ្ឌា ក្នុងនាមជាអជ្ញាធរ “ការពារ និងគ្រប់គ្រងការបំពុលបរិស្ថាន”។

គុណភាពខ្យល់នៅដេលី និងតំបន់ក្បែរៗ កាន់តែយ៉ាប់យ៉ឺនថែមទៀតកាលពីយប់មិញ ហើយឥឡូវនេះ ជាកំរិតកាន់តែធ្ងន់ធ្ងរ។ យោងតាមទិន្នន័យផ្លូវការ សន្ទស្សន៍គុណភាពខ្យល់ នៅម៉ោង ១ ម៉ោងរសៀល កាលពីថ្ងៃសុក្រ ត្រូវបានកត់ត្រានៅកម្រិត ៤៨០ ដែលស្ថិតក្នុងចំណាត់ថ្នាក់ "ធ្ងន់ធ្ងរ" នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចុងសប្តាហ៏។