បណ្តាញសង្គម

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

(សៀងហៃ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះ បានផ្ដើមបំពេញទស្សនកិច្ច ផ្លូវរដ្ឋទៅកាន់ប្រទេសចិន ដើម្បីស្វែងរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីមួយ ខណៈអង្គការសិទ្ធិមនុស្ស អន្តរជាតិនានា ជំរុញឱ្យលោក លើកយកសំណុំរឿងហុងកុង និងតំបន់ស៊ីនជាំង ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំចិន។

នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមការគ្រោងទុក លោក ម៉ាក្រុង នឹងទៅដល់ទីក្រុងសៀងហៃ នៅរសៀលថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងវេទិកា អន្តរជាតិមួយ ស្ដីពីសង្រ្គាមពាណិជ្ជកម្ មរវាងចិន និងសហរដ្ឋអាមេរិក ហើយនេះគឺជាដំណើរទស្សកិច្ ចផ្លូវរដ្ឋលើកទី២ របស់លោក នៅប្រទេសចិន ចាប់តាំងពីទស្សនកិច្ច លើកដំបូងកាលខែមករា ឆ្នាំ២០១៨។

ប៉ុន្តែលោក ម៉ាក្រុង ត្រូវបានគេរំពឹងថានឹង ជួបការលំបាក ក្នុងការស្វែងរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយចិន បន្ទាប់ពីក្រុមមន្ត្រីបារាំងជាច្រើននាក់ អះអាងថា លោកប្រធានាធិបតីរូបនេះ អាចនឹងលើកយកប្រធានបទ ពាក់ព័ន្ធនឹងបាតុកម្ មតវ៉ានៅក្នុងទីក្រុងហុងកុង ព្រមទាំង សំណុំរឿងជនជាតិដើម ភាគតិចម៉ូស្លីម Uyghurs នៅឯតំបន់ស៊ីនជាំង ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំចិន។

គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងប្រទេសចិន នឹងត្រូវប្រព្រឹត្តទៅពី ថ្ងៃចន្ទនេះ រហូតដល់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ដោយលោកនឹងត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង រួមទាំងថ្នាក់ដឹកនាំចិនដទៃទៀត ផងដែរ៕

ដកស្រង់ពី៖ Fresh News