បណ្តាញសង្គម

ប្រទេសឥណ្ឌាជាពិសេសរដ្ឋធានីញូដេលី កំពុងបន្តទទួលរងការបំពុលខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរ

(ញូដេលី)៖ ប្រជាជនឥណ្ឌារាប់លាននាក់ នៅក្នុងរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា កំពុងតែបន្តរងការបំពុល ខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរ ខណៈសាលារៀនត្រូវបានបិទទ្វារ រីឯរថយន្តផ្ទាល់ខ្លួន ត្រូវបានផ្អាកមិនឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន ហើយការដ្ឋានសាងសង់នានា ត្រូវបានបញ្ឈប់ដំណើរសិន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវរងា ផ្សែងអ័ព្ទពុល តែងតែហ៊ុមព័ទ្ធទីក្រុងញូដេលី ខណៈវាបង្កឡើងដោយផ្សែង ចេញពីយានជំនិះ ពីតំបន់ឧស្សាហកម្ម និងពីការដុតបញ្ឆេះ ពាក់ព័ន្ធវិស័យកសិកម្ម នៅតាមប្រទេសក្បែរខាង។

ប៉ុន្តែវិបត្តិនៃការបំពុលខ្យល់ អាកាសនៅឆ្នាំនេះ បានប្រែក្លាយទៅជា មានសភាពធ្ងន់ធ្ងរ ជាងប៉ុន្មានឆ្នាំកន្លងមក ដោយអភិបាលក្រុងញូដេលីលោក Arvind Kejriwal បានអំពាវនាវឲ្យរិះរក ចំណាត់ការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់ការបំពុលដ៏អាក្រក់នេះ។

លោក Kejriwal បានបង្ហោះសារ នៅលើបណ្តាញសង្គម Twitter ថា ផ្សែងពុលមាននៅគ្រប់ទីកន្លែង ដែលជាហេតុធ្វើឲ្យ ប្រជាជនជាពិសេសក្មេង និងមនុស្សចាស់ ពិបាកក្នុងការដកដង្ហើម ហើយបណ្តាលឲ្យក្រហាយភ្នែកថែមទៀត។ សាលារៀនដែលបានបិទទ្វារតាំងពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបន្តរហូតមកទល់ថ្ងៃចន្ទនេះ ស្របពេលដែលការដ្ឋានសាងសង់នានានៅទូទាំងរដ្ឋធានីញូដេលី និងតំបន់ជុំវិញ ត្រូវបានផ្អាកប្រតិបត្តិការរហូតដល់ថ្ងៃអង្គារស្អែក។

រដ្ឋបាលលោក Kejriwal ក៏បានបង្គាប់មិនឲ្យរថយន្តផ្ទាល់ខ្លួន មួយចំនួនធំធ្វើចរាចរណ៍ លើដងផ្លូវផងដែរ។ ក្រៅពីទីក្រុងញូដេលី នៅតាមផ្នែកដទៃទៀត នៃប្រទេសឥណ្ឌា ក៏បាននិងកំពុងទទួលរង ការបំពុលខ្យល់អាកាសដូចគ្នា៕

ដកស្រង់ពី៖ Fresh News