បណ្តាញសង្គម

លោក ដូណាល់ ត្រាំ អញ្ជើញមេដឹកនាំអាស៊ានទាំងអស់ ចូលរួមក្នុងកិច្ចប្រជុំពិសេស នៅសហរដ្ឋអាមេរិក

 (បាងកក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំអាស៊ាន ទាំង១០ប្រទេស មកចូលរួមក្នុង កិច្ចប្រជុំពិសេសមួយ ដែលនឹងត្រូវរៀបចំឡើង នៅសហរដ្ឋអាមេរិក នៅឆ្នាំក្រោយនេះ បន្ទាប់ពីលោកផ្ទាល់ មិនបានមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងបាងកក ប្រទេសថៃ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ លិខិតអញ្ជើញ មេដឹកនាំអាស៊ាន ត្រូវបានអានដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O'Brien កំឡុងកិច្ចប្រជុំ កំពូលអាស៊ាន ក្នុងទីក្រុងបាងកក នៅថ្ងៃចន្ទនេះ។

លិខិតដដែល បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំ (លោក ត្រាំ) ចង់ឆ្លៀតឱកាស នេះ ដើម្បីអញ្ជីញមេដឹកនាំអាស៊ានទាំងអស់មកចូលរួមក្នុងកិច្ចប្រជុំពិសេសមួយ រៀបចំឡើងនៅសហរដ្ឋអាមេរិក ក្នុងត្រីមាសទីមួយនៃ ឆ្នាំ២០២០ខាងមុខនេះ»។

គួរជម្រាបថា នៅក្នុងលិខិតខាងលើ លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថាសហរដ្ឋអាមេរិក នឹងផ្ដល់ឱកាសដ៏ពិសេស អស្ចារ្យដល់បណ្ដាមេដឹកនាំអាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន។ កាលពីឆ្នាំ ២០១៨ លោក ត្រាំ ក៏ធ្លាប់មិនមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានម្ដងរួចហើយ ដោយបញ្ជូនអនុប្រធានាធិបតី លោក Mike Pence មកជំនួសរូបលោក៕

ដកស្រង់ពី៖ Fresh News