បណ្តាញសង្គម

ក្រុមអ្នកវិទ្យាសាស្ត្រព្រមាន៖ «នីវ៉ូទឹកសមុទ្រនឹងនៅតែកើនឡើង ទោះបីជាយើងប្រឹងទប់ស្កាត់ ឧស្ម័នផ្ទះកញ្ចក់យ៉ាងណាក៏ដោយ»

 (វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញ បានព្រមានថា នីវ៉ូ ឬកម្ពស់ទឹកសមុទ្រ នឹងនៅតែបន្តកើនឡើង បើទោះជាពិភពលោក អាចគ្រប់គ្រងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យមកនៅកម្រិត សូន្យ នៅឆ្នាំ២០៣០ក៏ដោយ ព្រោះស្រទាប់អូហ្សូន របស់ផែនដីដែលបាត់បង់ មិនអាចធ្វើជួសជុលឡើងវិញ នៅក្នុងរយៈពេលរាប់រយឆ្នាំនោះឡើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ យោងតាមក្រុមអ្នកស្រាវជ្រាវ មកពីប្រទេសអាល្លឺម៉ង់ នីវ៉ូទឹកសមុទ្រអាចកើនឡើង ៨សង់ទីម៉ែត្រ នៅឆ្នាំ២១០០ ហើយអាចនឹងបន្តកើនឡើង ដល់ ២០សង់ទីម៉ែត្ រនៅឆ្នាំ២៣០០។

មិនតែប៉ុណ្ណោះ បើទោះជាពិភពលោក អាចកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់មកនៅត្រឹម កម្រិតសូន្យនៅឆ្នាំ២០៣០ ក៏ដោយ ក៏កម្ពស់ទឹកសមុទ្រ នៅតែត្រូវបានគេព្យាករណ៍ដដែលថា នឹងកើនឡើងយ៉ាងហោចណាស់ «មួយម៉ែត្រ» នៅឆ្នាំ២៣០០។

គួរជម្រាបថា ការកើនឡើងនៃកម្រិតទឹកសមុទ្រ វាមិនមែនបង្កឡើង ដោយសារតែឧស្ម័នផ្ទះកញ្ចក់ តែមួយគត់នោះទេ ពោលគឺវានៅមានបញ្ហា ស្មុគស្មាញជាច្រើនទៀត ដែលក្រុមអ្នកជំនាញមិន ទាន់អាចបកស្រាយបាន។ ជាក់ស្ដែងមកទល់នឹងពេលនេះ មិនទាន់ដឹងច្បាស់នៅឡើយទេថា ហេតុអ្វីបានជាទឹកកកអាក់ទិច រលាយយឺតជាងទឹកកកនៅគ្រីនឡែនដ៍ ខណៈដែលតំបន់ទាំងពីរនេះ សុទ្ធតែស្ថិតនៅប៉ូលខាងជើងដូចគ្នានោះ៕

ដកស្រង់ពី៖ Fresh News