បណ្តាញសង្គម

ចិនទំនងជារង់ចាំមើលថា តើលោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតអាណត្តិទី២ដែរឬទេ ទើបអាចគិតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី

(វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋាភិបាលអាមេរិក និងចិន ព្រមទាំងសមាជិកសភា និងអ្នកជំនាញពាណិជ្ជកម្មនានា បានអះអាងដូចៗគ្នាថា  កិច្ចព្រមព្រៀងពាណិជ្ជកម្ មតំណាក់កាលទី ២ ទំនងជាមិនទាន់មាននរណា ហ៊ានគិតដល់នៅឡើយទេ ព្រោះកិច្ចព្រមព្រៀង តំណាក់កាលទី ១ មិនទាន់ត្រូវបានមេដឹកនាំ នៃប្រទេសមហាអំណាច សេដ្ឋកិច្ចទាំងពីរ ចុះហត្ថលេខាទទួលស្គាល់ ជាផ្លូវការនៅឡើយ។

នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ងាកទៅមើលកាលពីខែតុលា គឺនៅពេលដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មតំណាក់កាលទី ១ ត្រូវបានមន្ត្រីតំណាងនៃសហរដ្ឋអាមេរិក  និងប្រទេសចិន ឯកភាពគ្នាយកជាផ្លូវការ និងរង់ចាំតែប្រធានាធិបតី ប្រទេសទាំងពីរចុះហត្ថលេខារួមគ្នានោះ លោក ដូណាល់ ត្រាំ ភ្លាមៗក៏បានលើកឡើង អំពីក្តីរំពឹងរបស់លោក ក្នុងការឈានទៅបង្កើតកិច្ចព្រមព្រៀង តំណាក់កាលទី ២ បើសិនជាកិច្ចព្រមព្រៀងតំណាក់កាលទី ១ ទទួលបានជោគជ័យជាស្ថាពរ។

កាលណោះលោក ដូណាល់ ត្រាំ បានបង្ហើបថា កិច្ចព្រមព្រៀងតំណាក់កាលទី ២ អាចនឹងមាននូវការលើកឡើង អំពីក្តីព្រួយបារម្ភ របស់សហរដ្ឋអាមេរិក ចំពោះការផ្ទេរបច្ចេកវិទ្យារបស់ខ្លួន ទៅឲ្យក្រុមហ៊ុនចិននានាដែលជាគូប្រជែង។ ទោះបីជាបែបនេះក្តី ប្រទេសចិន នៅតែបង្ហាញក្តីស្ទាក់ស្ទើរនៅឡើយ នៅក្នុងការចុះហត្ថលេខា នៅក្នុងកិច្ចព្រមព្រៀងតំណាក់កាលទី ១ ហើយការចុះហត្ថលេខានេះទៀតសោធ  ក៏ត្រូវបានលើកពេល រហូតដល់ដើមឆ្នាំ២០២០ ថែមទៀត។

គួរបញ្ជាក់តាមមន្ត្រីមួយចំនួន នៅប៉េកាំងបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ២ ទំនងជាមិនអាចកើតមានឡើង នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក នៅចុងឆ្នាំ២០២០នោះឡើយ ព្រោះប្រទេសចិនចង់រង់ចាំមើលថា តើលោក ដូណាល់ ត្រាំ អាចជាប់ឆ្នោតមួយអាណត្តិទៀតដែរ ឬទេ។

មន្ត្រីចិនដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Reuters យ៉ាងដូច្នេះថា «គឺលោក ត្រាំ ទេដែលជាអ្នកចង់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទាំងនេះ មិនមែនយើងឡើយ ដូច្នេះយើងអាចរង់ចាំបាន...»៕

ដកស្រង់ពី៖ Fresh News