Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សចាស់វង្វេង Vs បុរសគ្រាប់រ៉ុក្កែត, នេះជាសង្រ្គាមពាក្យសម្ដីរវាង លោក ត្រាំ និងលោក គីម

  • បោះពុម្ព

 (សេអ៊ូល)៖ កូរ៉េខាងជើង បានព្រមានថា នឹងធ្វើសង្រ្គាមពាក្យសម្ដីឡើងវិញ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ហើយនឹងចាត់ទុក  ប្រធានាធិបតីអាមេរិក រូបនេះជា «មនុស្សចាស់វង្វេង» បើសិនជាលោកនៅតែបន្ត ប្រើប្រាស់ភាសាបង្ករឿង ហៅលោក គីម ជុងអ៊ុន ថា «បុរសគ្រាប់រ៉ុក្កែត»។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។ ការព្រមានខាងលើធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងទី១ លោកស្រី Choe Son Hui នៅក្នុងសេចក្ដីថ្លែងការណ៍ មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ដូច្នេះថា៖ «ការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឱ្យចរន្តស្អប់ខ្ពើមនៃប្រជាជនរបស់យើងប្រឆំាងនឹងសហរដ្ឋអាមេរិក ផ្ទុះឡើងសាជាថ្មី ពីព្រោះតែពួកគេបានបង្ហាញការមិនគោរព ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសមេដឹកនាំកំពូលរបស់យើង ...ដូច្នេះយើងនឹងប្រើប្រាស់ភាសាដូចគ្នានេះ ដោយហៅលោក ត្រាំ ថា «ជាមនុស្សចាស់វង្វេង» បើសិនជាគាត់នៅតែប្រើភាសាបង្ករឿង ដោយហៅលោក គីម ជុងអ៊ុនថា«បុរសគ្រាប់រ៉ុក្កែត»។

គួរជម្រាបថា នាឱកាសចូលរួមកិច្ចប្រជុំអង្គការ NATO ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅក្នុងសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថា «បុរសគ្រាប់រ៉ុក្កែត» សាជាថ្មី ហើយមិនតែប៉ុណ្ណោះថែមទាំងបានព្រមានប្រើប្រាស់កម្លាំងយោធាដើម្បី ដោះស្រាយបញ្ហាជាមួយទីក្រុងព្យុងយ៉ាង ទៀតផង នៅក្នុងករណីចំាបាច់។

ម្យ៉ាងវិញទៀត ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ កើតតាមឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងសួរសហរដ្ឋអាមេរិកថាចង់បានកាដូអ្វី នៅថ្ងៃបុណ្យណូអែលចុងឆ្នាំនេះ ខណៈក្រុមអ្នកជំនាញជាច្រើនយល់ថាអាចជាការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ឡើងវិញ។ កាលពីឆ្នាំ២០១៧ សង្រ្គាមពាក្យសម្ដីបែបនេះ ក៏ធ្លាប់បានផ្ទុះឡើងផងដែរ ដោយធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង តានតឹងជាខ្លាំងរហូតដល់គំរាមប្រើអាវុធនុយក្លេអ៊ែររៀងៗខ្លួន។

ភាពតានតឹងបានចាប់ផ្ដើមធូរស្រាល ក្រោយ មានកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរី តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ចាប់ផ្ដើម ដំឡើងសសៃកដាក់គ្នាឡើងវិញ ចាប់តាំងពីកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបរាជ័យ៕

ដកស្រង់ពី៖ Fresh News