បណ្តាញសង្គម

ទីបំផុតរកឃើញបំណែកយន្តហោះឈីលី C-130 ក្រោយបាត់ដំណឹង៣ថ្ងៃនោះហើយ!

 (ឈីលី)៖ ក្រុមមន្ត្រីឈីលី បាននិយាយថា ពួកគេបានរកឃើញបំណែកមួយចំនួន ដែលត្រូវបានជឿជាក់ថា ជារបស់យន្ដហោះយោធា C-130 ដែលបាត់ខ្លួនជាមួយមនុស្ស ៣៨នាក់កាលពីថ្ងៃចន្ទ កន្លងទៅនោះហើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។ បំណែកខាងលើត្រូវបានរកឃើញ អណ្ដែតនៅលើផ្ទៃទឹកសមុទ្រ ដែលគេស្គាល់ថា ដ្រេកផាសេច (Drake Passage) នៅចំងាយ ៣០គីឡូម៉ែត្រ ពីទីដែលយន្ដហោះយោធាឈីលី C-130 ត្រូវបានគេធ្វើការទាក់ទង ជាលើកចុងក្រោយ ហើយបើតាមអាជ្ញាធារឈីលី បំណែកនេះអាចជាផ្នែកមួយនៃធុងសាំង ស្ថិតនៅផ្នែកខាងក្នុងរបស់យន្ដហោះ។

យន្តហោះយោធា C-130 បានបាត់ដំណឹងនៅកំឡុងម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ (ម៉ោងនៅអាមេរិកខាងត្បូង) បន្ទាប់ពីបានហោះចាកចេញពីទីក្រុង ផាន់ថាអារ៉េណាស់ (Punta Arenas) ស្ថិតនៅភាគខាងត្បូងប្រទេសឈីលី ឆ្ពោះទៅមូលដ្ឋានឈរជើង Presidente Eduardo Frei Montalva ក្នុងទ្វីបតំបន់អង់តាក់់ទិក (Antarctic)។ទោះបីជាយោធាឈីលីបានបញ្ជាក់ថា យន្តហោះនោះបានធ្លាក់បាត់ទៅហើយក្តី ប៉ុន្តែជោគវាសនារបស់មនុស្សទាំង ៣៨នាក់នៅមិនទាន់អាចដឹងច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជិះទាំង ៣៨នាក់នៅលើយន្តហោះយោធាខាងលើ គឺមាន ១៧នាក់ជាសហសេវិក និង ២១នាក់ជាអ្នកដំណើរ ហើយវាមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ។ អាជ្ញាធរឈីលីអះអាងថា ពេលនេះប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅតែបន្តប្រព្រឹត្តទៅ៕

ដកស្រង់ពី៖ Fresh News