បណ្តាញសង្គម

ទីបំផុតផែនការបង្កើត «កងទ័ពអវកាស និងទប់ស្កាត់មហិច្ឆតារុស្ស៊ី» របស់លោក ដូណាល់ ត្រាំ ត្រូវសភាអាមេរិកអនុម័តហើយ!

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តហើយ លើច្បាប់ស្ដីពីកញ្ចប់ថវិកាយោធា ដ៏សម្បើមអស្ចារ្យ ៧៣៨ពាន់លានដុល្លារ ដែលនឹងត្រូវបានប្រើប្រាស់ ដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបង្កើតកងទ័ពអវកាស ក៏ដូចជាទប់ស្កាត់មហិច្ឆតា ពង្រីកវិស័យថាមពលរបស់រុស្ស៊ី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ច្បាប់ស្តីពីវិស័យការពារជាតិ (National Defence Authorisation Act) ឬ NDAA ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៨៦ ទល់នឹង ០៨សំឡេង ហើយកញ្ចប់ថវិកានេះ មានទំហំធំជាង កញ្ចប់ថវិកាយោធា កាលពីឆ្នាំ២០១៨ ដែលមានត្រឹមតែ ៧១៦ពាន់លានដុល្លារ។

កញ្ចប់នេះ នឹងត្រូវយកទៅប្រើប្រាស់ផងដែរ ក្នុងសកម្មភាពយោធាជាច្រើន រាប់ចាប់ពីសកម្មភាពយោធា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការផលិតនាវាចម្បាំង ដើម្បីបង្កើនការស៊ើបការណ៍សំងាត់ប្រឆាំងរុស្ស៊ី ព្រមទាំងអភិវឌ្ ឍកងកម្លាំងទ័ពអវកាស ដំបូងបំផុតលើពិភពលោក។

គួរបញ្ជាក់ថា កងទ័ពអាកាស ដែលនឹងត្រូវបានបង្កើតឡើង នៅពេលអនាគតដ៏ខ្លីខាងមុនេះ គឺជាកងកម្លាំងទី ៦ នៃវិស័យយោធាអាមេរិក បន្ទាប់ពីកងទ័ពជើងគោក កងទ័ពអាកាស កងនាវា កងម៉ារីន និងឆ្មាំសមុទ្រ។ ដោយឡែកក្រៅតែពីគម្រោងពង្រឹងសមត្ថភាពយោធា ព្រឹទ្ធសភាអាមេរិក ក៏បានអនុម័តដែរលើទណ្ឌកម្ម និងបញ្ឈប់គម្រោងសាងសង់ បំពង់បង្ហូរប្រេង Nord Stream 2 ដែលមានតម្លៃ ១០.៦ពាន់លានដុល្លារ រវាងរុស្ស៊ី និងអាល្លឺម៉ង់ នៅក្រោមសមុទ្របាល់ទិច (Baltic)៕

ដកស្រង់ពី៖ Fresh News