បណ្តាញសង្គម

ឯកអគ្គរដ្ឋទូតចិនឆ្លើយតបចំពោះមន្ត្រីអូស្ត្រាលី ដែលកំពុងរិះគន់ចិនដោយបើកចំហលើឆាកអន្តរជាតិ

  (ស៊ីដនី)៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំអូស្រ្តាលី នាថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប្រសិនបើចង់ឲ្យទំនាក់ទំនងទ្វេភាគី មានភាពប្រសើរឡើង ទីក្រុងកង់បេរ៉ា ត្រូវតែបោះបង់ចោល ការរិះគន់លើទីក្រុងប៉េកាំង និងគោរពប្រទេសចិន ហើយចាត់ទុកការអភិវឌ្ឍ រីកចម្រើនទៅមុខរបស់ចិន ជាឱកាសដ៏ពិសេសមួយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេស អូស្រ្តាលីលោក ចេង ជីងយ៉េ (Cheng Jingye) បានហៅឆ្នាំ២០១៩ ថាជាឆ្នាំច្របូកច្របល់នៃទំនាក់ទំនង រវាប្រទេសទាំងពីរ។

កន្លងមក អូស្រ្តាលី បានព្យាយាមបន្ធូរបន្ថយ ភាពតានតឹងទ្វេភាគី តាមរយៈការមិនចេញមុខរិះគន់ ជាសាធារណៈលើប្រទេសចិន  ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្រ្តីរដ្ឋាភិបាលអូស្រ្តាលីមួយចំនួន បានលើកឡើងថា ទីក្រុងកង់បេរ៉ា នឹងមិនបិទមាត់ជុំវិញ ក្តីព្រួយបារម្ភមួយចំនួន ពាក់ព័ន្ធនឹងចិនឡើយ។

លោក Cheng បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងស៊ីដនីថា បើតាមការយល់ឃើញរបស់លោក វាមានសារសំខាន់ជាខ្លាំង ក្នុងការចាត់ ទុកការអភិវឌ្ឍ រីកចម្រើនរបស់ភាគីម្ខាងៗជាឱកាសមួយ ជាជាងចាត់ទុកជាការគម្រាមកំហែង  ហើយបើតាមចង់ឲ្យ ចំណងទាក់ទងទ្វេភាគី មានភាពប្រសើរឡើង ប្រទេសទាំងពីរត្រូវតែបញ្ឈប់ការរិះគន់ ហើយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក។

គួរជម្រាបថា ទំនាក់ទំនងរវាងអូស្រ្តាលី និងចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន បានធ្លាក់ចុះដុនដាបនៅអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារមានការចោទប្រកាន់ថា ទីក្រុងប៉េកាំងបានលូកដៃជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ទីក្រុងកង់បេរ៉ា។ ម៉្យាងវិញទៀតអូស្រ្តាលីក៏ព្រួយបារម្ភថា ចិនកំពុងព្យាយាមពង្រីកឥទ្ធិពលឲ្យខ្លាំងលើសលុប នៅតំបន់ប៉ាស៊ីហ្វិកផងដែរ៕

ដកស្រង់ពី៖ Fresh News