បណ្តាញសង្គម

វៀតណាមប្រឆាំង យ៉ាងដាច់ខាត ចំពោះសកម្មជន ខ្មែរកម្ពុជាក្រោម ដែលដុតទង់ជាតិខ្លួន

ហាណូយ៖ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក ឡេ ហៃបិញ កាលពីថ្ងៃពុធ ទី១៣ ខែសីហា បានលើកឡើងថា “វៀតណាម សូមប្រឆាំង យ៉ាងដាច់ខាត ចំពោះការពិត ដែលសកម្មជន ខ្មែរកម្ពុជាក្រោម ធ្វើការតវ៉ា ដោយខុសច្បាប់មួយ ព្រមទាំង ដុតទង់ជាតិ វៀតណាម នៅមុខស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ។”

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា នេះទៀតថា អ្នកនំាពាក្យក្រសួង ការបរទេសវៀតណាម បានហៅក្រុម សកម្មជន ខាងលើនេះថា ជាក្រុម គ្មានច្បាប់ទម្លាប់ ដែលមានចេតនា ប្រមាថម៉ាក់ងាយ យ៉ាងធ្ងន់ធ្ងរ ដល់សត្តិអារម្មណ៍ របស់ប្រជាជន វៀតណាម ហើយទង្វើនេះ មិនមែនជារឿងសមរម្យ នោះឡើយ សម្រាប់ ទំនាក់ទំនង មិត្តភាពល្អ ជាលក្ខណៈប្រពៃណី រវាង ប្រទេសវៀតណាម និង កម្ពុជា។

សេចក្តីថ្លែងការណ៍ របស់លោកបិញ បានចេញផ្សាយ តាមវែបសាយ៍ MOFA របស់ខ្លួនដូច្នេះថា “វៀតណាម សូមអំពាវនាវឲ្យ កម្ពុជា ដោះស្រាយ យ៉ាងតឹងរឹង ចំពោះសកម្មជន ទាំងនោះ យោង ទៅតាមច្បាប់ និង ស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឲ្យ រឿងហេតុដូច្នេះ កើតមានឡើង សាជាថ្មីម្តងទៀត។”

គួរបញ្ជាក់ថា ក្រុមសកម្មជន ខ្មែរកម្ពុជាក្រោម ដោយក្នុងនោះ រួមមានព្រះសង្ឃផងដែរ បានដុត ទង់ជាតិវៀតណាម នៅរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃអង្គារ ដើម្បីទាមទារឲ្យ អគ្គរដ្ឋទូត វៀតណាម ទទួលស្គាល់នូវប្រវត្តិសាស្ត្រ ចំពោះអតីតខេត្ត ទាំងឡាយ នៅកម្ពុជាក្រោម។ ការ តវ៉ានេះ ត្រូវបានចូលរួម ដោយមនុស្សជិត ២០០នាក់ ប្រមូលផ្តុំគ្នាពីមុខស្ថានទូត វៀតណាម ប្រចាំនៅ រាជធានីភ្នំពេញ។

ដកស្រង់ពី៖ ដើមអម្ពិល