បណ្តាញសង្គម

ក្រៅពីភ្លើងឆេះព្រៃ អូស្រ្តាលីនឹងត្រូវប្រឈមមុខជាមួយបញ្ហាគ្រោះទឹកជំនន់ និងព្យុះស៊ីក្លូនថែមទៀតនៅពេលខាងមុខ

(ស៊ីដនី)៖ ស្របពេលដែលអូស្រ្តាលី កំពុងព្រួយបារម្ភអំពីបញ្ហាធំ នៅចំពោះមុខ គឺគ្រោះមហន្តរាយភ្លើងឆេះ ដែលបានបន្តមកជាច្រើនខែ ហើយទំនងជានឹងអូសបន្លាយ រាប់សប្តាហ៍តទៀតនោះ នៅមានបញ្ហាផ្នែកអាកាសធាតុ ធំៗមួយចំនួនទៀត ដែលនឹងត្រូវធ្លាក់លើប្រទេសអូស្រ្តាលី ក្នុងពេលខាងមុខនេះ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Science Alert នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ២០២០។ បច្ចុប្បន្នតំបន់ ភាគខាងកើតប្រទេសអូស្រ្តាលី កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារភ្លើងឆេះព្រៃ ដែលបានដុតបំផ្លាញ ផ្ទះសម្បែង ផ្តាច់ជីវិតមនុស្សក៏ដូចជាសត្វ និងបង្ខំឲ្យប្រជាជនអូស្រ្តាលី ជាច្រើនត្រូវជម្លៀសខ្លួន ទៅរកកន្លែងសុវត្ថិភាព។

ប៉ុន្តែក្នុងពេលខាងមុខ ប្រទេសអូស្រ្តាលីនឹងត្រូវទទួល រងការធ្លាក់ភ្លៀងខ្លាំង ដែលអាចជារឿងល្អសម្រាប់ជួយទប់ទល់បញ្ហាភ្លើងឆេះព្រៃ ប៉ុន្តែវាក៏អាចបង្កជាបញ្ហាធំថ្មី គឺគ្រោះទឹកជំនន់ផងដែរ។ ក្រៅពីនេះរដូវព្យុះស៊ីក្លូនដែលតែងវាយប្រហារតំបន់ភាគខាងជើងអូស្រ្តាលី កំពុងតែត្រៀមលក្ខណៈជិតមកដល់ ហើយនៅប៉ុន្មានសប្តាហ៍ខាងមុខ ស្ថានភាពរលកកម្តៅ នៅភាគខាងត្បូងអូស្រ្តាលី ក៏នឹងបន្តឈានដល់កម្រិត កាន់តែយ៉ាប់យ៉ឺនខ្លាំងថែមទៀត។

គួរជម្រាបថា មហន្តរាយភ្លើងឆេះព្រៃ នៅភាគខាងកើតអូស្រ្តាលី ដែលបានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្សសរុងជាង២០នាក់ និងបំផ្លាញលំនៅឋានប្រមាណជាង១,៥០០ខ្នង ខណៈផ្ទៃដីរហូតដល់ខ្ទង់៦០,០០០គីឡូម៉ែត្រ ក្រឡាត្រូវបានឆាបឆេះ។ ជាមួយគ្នានេះ បើតាមការប៉ាន់ស្មាន សត្វអាចជិត៥០០លានក្បាលបានងាប់ ដោយសារតែរដូវភ្លើងឆេះព្រៃដ៏អាក្រក់នេះ៕

ដកស្រង់ពី៖ Fresh News