បណ្តាញសង្គម

ការធ្លាក់យន្តហោះស្លាប់មនុស្ស១៧៦នាក់នៅទីក្រុងតេហេរ៉ង់របស់អ៉ីរ៉ង់ មិនមែនព្រោះតែភេរវកម្ម ឬមីស៊ីលនោះទេ គឺវាធ្លាក់ដោយសារម៉ាស៊ីនជួបបញ្ហា

 (តេហេរ៉ង់)៖ ស្ថានទូតអ៊ុយក្រែន ប្រចាំនៅប្រទេសអ៉ីរ៉ង់ បានអះអាងថា មូលហេតុនៃការធ្លាក់ យន្តហោះមួយគ្រឿងធុន Boeing 737 របស់ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជា ដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅ រសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។ យន្តហោះ Boeing 737-800 នោះ មានមនុស្សជិះសរុបចំនួន១៧៦នាក់ ដែលគិតទាំងអ្នកដំណើរនិងអ្នកបម្រើការងារ ប៉ុន្តែក៏មានការអះអាងផ្សេង ទៀតផងដែរថា មនុស្សដែលធ្វើដំណើរលើយន្តហោះនោះ មានចំនួន១៦៨នាក់ និង១៨០នាក់។

យ៉ាងណាមិញ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្ទាល់ អ្នកទាំងនោះបានបាត់បង់ជីវិតទាំងអស់ នៅពេលយន្តហោះធ្លាក់ ក្រោយឡើងពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini នៅឯជាយទីក្រុងតេហេរ៉ង់ កាលពីមុនព្រឹកព្រលឹមថ្ងៃពុធនេះ (ពេលវេលាក្នុងតំបន់នៅទីក្រុងតេហេរ៉ង់)។

គួរជម្រាបថា យន្តហោះដឹកអ្នកដំណើរខាងលើ មានគោលដៅឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Boryspil នៃរដ្ឋធានីកៀវនៃប្រទេស អ៊ុយក្រែន។ បើតាមអ្នកតំណាងព្រលានយន្តហោះ Imam Khomeini យន្តហោះនោះបានធ្លាក់ ដោយសារតែបញ្ហាបច្ចេកទេស គឺម៉ាស៊ីនរបស់ យន្តហោះបានខូច ហើយឆាបឆេះ៕

ដកស្រង់ពី៖ Fresh News