បណ្តាញសង្គម

កូរ៉េខាងត្បូងរកឃើញករណីដំបូងនៃអ្នកផ្ទុកវីរុសផ្លូវដង្ហើមថ្មី គឺអ្នកដំណើរជនជាតិចិនម្នាក់

(សេអ៊ូល)៖ នាថ្ងៃចន្ទនេះ អាជ្ញាធរប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ករណីអ្នកផ្ទុកវីរុសផ្លូវដង្ហើម Coronavirus ថ្មី ដែលផ្ទុះឡើងនៅចិន  ត្រូវបានរកឃើញជាលើកដំបូង នៅប្រទេសពួកគេ គឺអ្នកដំណើរជនជាតិចិនម្នាក់ ដែលមកដល់កូរ៉េខាងត្បូង ត្រូវបានពិនិត្យ រកឃើញថាមាន ផ្ទុកវីរុសនេះ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។ យោងតាមសេចក្តីថ្លែងការណ៍ របស់មជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការជំងឺ KCDC របស់ប្រទេសកូរ៉េខាងត្បូង អ្នកជំងឺនោះជាស្រ្តីវ័យ៣៥ឆ្នាំ  ដែលគាត់បានធ្វើដំណើរតាមជើងហោះហើរពីទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន ហើយមកដល់អាកាសយានដ្ឋាន អន្តរជាតិ Incheon របស់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញ។

នៅពេលមកដល់ ស្រ្តីជាអ្នកដំណើរជនជាតិចិននោះ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង សម្រេចដាក់ឲ្យនៅក្នុងកន្លែងដាច់ដោយឡែកមួយ ដោយសារតែមានការសង្ស័យ ព្រោះគាត់បានបង្ហាញអាការក្តៅខ្លួនខ្លាំង។ នាថ្ងៃចន្ទនេះអាជ្ញាធរនៅប្រទេសចិន ទើបតែបានប្រកាសឲ្យដឹងបន្ថែមថា វីរុសផ្លូវដង្ហើមប្រភេទថ្មីខាងលើ បានឆ្លងដល់តំបន់មួយចំនួនទៀត រួមទីក្រុងប៉េកាំង ទីក្រុង Shenzhen និងខេត្ត Guangdong ខណៈវាបានផ្ទុះឡើងដំបូងនៅទីក្រុង Wuhan កាលពីខែធ្នូ ឆ្នាំ២០១៩។

ជាមួយគ្នានេះ ចំនួនអ្នកស្លាប់បានកើនដល់៣នាក់ ហើយអ្នកឆ្លងវីរុសបានកើនដល់ជិត១៤០នាក់។ គួរជម្រាបថា ក្រៅពីកូរ៉េខាងត្បូង ប្រទេសថៃនិងជប៉ុន ក៏បានរកឃើញករណីអ្នកឆ្លងវីរុសនេះផងដែរ ដោយនៅថៃមានពីរករណី ជាជនជាតិ ចិនដែលមកពីក្រុង Wuhan ហើយនៅជប៉ុនមានមួយករណី ជាបុរសជនជាតិជប៉ុនផ្ទាល់ ដែលបានធ្វើដំណើរត្រឡប់មកពីក្រុង Wuhan។

អម្បូរនៃវីរុសផ្លូវដង្ហើមខាងលើ គឺជាអម្បូរ Coronavirus ដូចគ្នាទៅនឹងវីរុស SARS ដែលបានសម្លាប់មនុស្សជិត៨០០នាក់ កាលពីចន្លោះ ឆ្នាំ ២០០២-២០០៣ ហើយក៏បានចាប់ផ្តើមចេញពីប្រទេសចិនដែរ។ ប៉ុន្តែបើតាមការអះអាងរបស់អ្នកជំនាញភាគច្រើន Coronavirus ប្រភេទថ្មីនេះ មិនសូវបង្កគ្រោះថ្នាក់ខ្លាំងធ្ងន់ធ្ងរដូចជា SARS ឡើយ។

យ៉ាងណាមិញ អ្នកជំនាញមិនទាន់ដឹងអ្វីច្រើនអំពីវានោះទេ រួមមានដូចជាប្រភពដើម ពិតប្រាកដនៃការចម្លង និងថាតើវាអាចឆ្លងពីមនុស្សទៅមនុស្សដែរឬក៏អត់ ខណៈមកទល់ពេលនេះ ដូចជាពុំទាន់មានករណីឆ្លងពីមនុស្សទៅមនុស្សនៅឡើយ៕

ដកស្រង់ពី៖ Fresh News