បណ្តាញសង្គម

សហរដ្ឋអាមេរិកប្រកាសថា អ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាពីប្រទេសចិន កើនដល់៥នាក់ហើយ!

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា មនុស្សសរុប ០៥នាក់ហើយត្រូវបាន គេធ្វើតេស្តរកឃើញ មានផ្ទុកវីរុសផ្លូវដង្ហើមថ្មី Coronavirus (2019-nCoV) ហើយពួកគេទាំងនោះ សុទ្ធតែបានធ្លាប់បានធ្វើដំណើរ ទៅទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិន ជាទីដែលវីរុសបានផ្ទុះឡើងដំបូង និងកំពុងរីករាលដាលយ៉ាងអាក្រក់។

នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០។ មជ្ឈមណ្ឌលសម្រាប់ការពារ និងគ្រប់គ្រងជំងឺឆ្លងទូទៅ នៅសហរដ្ឋអាមេរិក (CDC) បានគូសបញ្ជាក់ថា អ្នកឆ្លងវីរុសទី ៥ ត្រូវបានរកឃើញនៅរដ្ឋអារីហ្សូណា (Arizona) ហើយអ្នកមុនៗទៀត គឺនៅរដ្ឋកាលីហ្វរញ៉ា អ៊ីលីណយស៍ និងរដ្ឋវ៉ាស៊ីនតោន។

មន្ត្រីជាន់ខ្ពស់ CDC បានគូសបញ្ជាក់ទៀតថា ស្ថានការណ៍បច្ចុប្បន្ននេះ គឺវាមិនទាន់បង្កការគំរាមកំហែង ទៅដល់សាធារណជនទូទាំងសហរដ្ឋអាមេរិកនោះឡើយ។ ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតនៅចិន ព្រមទាំងចំនួនអ្នកឆ្លងនៅទូទាំងពិភពលោក៖

១៖ ប្រទេសចិន៖ ឆ្លង ២,៧៤៤នាក់ ក្នុងនោះស្លាប់ ៨០នាក់ ២៖ ថៃ៖ ០៨ករណី ៣៖ អូស្ត្រាលី៖ ០៤ករណី ៤៖ បារាំង៖ ០៣ករណី ៥៖ ជប៉ុន៖ ០៤ករណី ៦៖ ម៉ាឡេស៊ី៖ ០៤ករណី៧៖ សិង្ហបុរី៖ ០៤ករណី ៨៖ កូរ៉េខាងត្បូង៖ ០៣ករណី ៩៖ សហរដ្ឋអាមេរិក៖ ០៥ករណី ១០៖ វៀតណាម៖ ០២ករណី ១១៖ នេប៉ាល់៖ ០១ករណី ១២៖ កាណាដា ០១ករណី

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ៕

ដកស្រង់ពី៖ Fresh News