បណ្តាញសង្គម

ឆេះកំពង់ទូកនៅរដ្ឋ Alabama របស់សហរដ្ឋអាមេរិក ស្លាប់មនុស្ស៨នាក់

 (វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ក្រោយគ្រោះអគ្គីភ័យធំមួយ បានលេបត្របាក់ទូកសរុប ប្រហែល៣៥គ្រឿង  នៅឯកំពង់ទូក មួយកន្លែង ក្នុងរដ្ឋ Alabama ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។ ហេតុការណ៍ខាងលើ បានកើតឡើង កាលពីវេលាយប់រំលងអាធ្រាត្ រឈានចូលថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ក្នុង បរិវេណសួន Jackson County លើដងទន្លេ Tennessee នៅទីក្រុង Scottsboro នៃរដ្ឋ Alabama របស់អាមេរិក។

បើតាមអាជ្ញាធរអាមេរិក ពួកគេអាចត្រឹមបានបញ្ជាក់បានថា មនុស្សចំនួន៨នាក់បានបាត់បង់ជីវិត ដោយមិនច្បាស់ថា មានវត្តមានមនុស្សប៉ុន្មាននាក់ ឲ្យប្រាកដ នៅពេលដែលគ្រោះអគ្គីភ័យបានកើតឡើងនោះឡើយ ប៉ុន្តែពួកគេនឹងព្យាយាមកំណត់ឲ្យច្បាស់ថា មានអ្នកបាត់ខ្លួនដែរឬយ៉ាងណា។រីឯមូលហេតុដែលបង្កឲ្យមានភ្លើងឆេះវិញ ក៏មិនទាន់ត្រូវបានដឹង ច្បាស់ដែរ។

គួរជម្រាបថា ទូកជាច្រើនគ្រឿងខាងលើ ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ជាកន្លែងស្នាក់លំហែនៅ ហើយនៅពេលភ្លើងឆេះមានទូក មួយចំនួនបានលិចនៅនឹងកំពង់តែម្តង មានទូកខ្លះក្រឡាប់ និងទូកខ្លះទៀតបានអណ្តែតចេញទៅឆ្ងាយ មុនពេលលិចចូលក្នុងទឹកទន្លេ។

គ្រោះអគ្គីភ័យនេះ ក៏បានបណ្តាលឲ្យមនុស្ស៧នាក់រងរបួសផងដែរ។ អ្នកទាំងនោះបានហែលគេចខ្លួន ឬក៏ត្រូវបានគេជួយសង្រ្គោះ ហើយ ពួកគេបានទទួលការព្យាបាលមួយភ្លែតនៅមន្ទីរពេទ្យមួយកន្លែង៕

ដកស្រង់ពី៖ Fresh News