បណ្តាញសង្គម

ថៃទទួលស្គាល់ករណីឆ្លងវីរុសកូរ៉ូណា ៦ បន្ថែមទៀត, ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់១៤នាក់

 (បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀត នៅក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលមកពី ប្រទេសចិន ហើយនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់១៤នាក់។

នេះបើតាមលោក Tanarak Plipat ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។ លោក Tanarak Plipat ដែលជាអគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦នាក់ខាងលើ មានអាយុចន្លោះពី៦ ដល់៧០ឆ្នាំ សុទ្ធសឹងជាសមាជិកគ្រួសារតែមួយមកពីខេត្ត Hubei ខណៈមនុស្សម្នាក់ផ្សេងទៀតមកពីខេត្ត Chongqing។

មិនតែប៉ុណ្ណោះ បើតាមលោក Tanarak អាជា្ញធរថៃ ក៏នឹងបង្កើនការត្រួតពិនិត្យលើអ្នកដំណើរទាំងអស់មកពីប្រទេសចិន ផងដែរ។ គួរជម្រាបថា ចំនួនមនុស្សស្លាប់ដោយវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសចិន បានកើនដល់១០៦នាក់ហើយ និង៤៥១៥នាក់ទៀតបានឆ្លង ខណៈប្រទេសចំនួន១៥ ក៏បានរាយការណ៍ពីករណីផ្ទុះឡើងនៃវីរុសនេះដែរ។

ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក៖

១៖ ប្រទេសចិន៖ ឆ្លង ៤៥១៥នាក់ ក្នុងនោះស្លាប់ ១០៦នាក់ ២៖ ថៃ៖ ១៤ករណី ៣៖ អូស្ត្រាលី៖ ០៥ករណី ៤៖ សិង្ហបុរី៖ ០៥ករណី ៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី ៦៖ ជប៉ុន៖ ០៤ករណី ៧៖ ម៉ាឡេស៊ី៖ ០៤ករណី ៨៖ កូរ៉េខាងត្បូង៖ ០៤ករណី ៩៖ បារាំង៖ ០៣ករណី ១០៖ កាណាដា ០២ករណី ១១៖ វៀតណាម៖ ០២ករណី ១២៖ កម្ពុជា ០១ករណី ១៣៖ អាល្លឺម៉ង់ ០១ករណី ១៤៖ នេប៉ាល់៖ ០១ករណី ១៥៖ ស្រីលង្កា ០១ករណី

ដកស្រង់ពី៖ Fresh News