បណ្តាញសង្គម

សហរដ្ឋអាមេរិកប្រកាស៖ «ចូរកុំធ្វើដំណើរទៅប្រទេសចិន, ពលរដ្ឋអាមេរិកនៅចិនគួរគិតគូរ ចាកចេញតាមជើងហោះហើរ»

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក ទើបតែបានចេញសេចក្តីប្រកាស «ហាមមិនឲ្យប្រជាជនធ្វើដំណើរ ទៅកាន់ប្រទេសចិនតែម្តង» បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នថ្នាក់អន្តរជាតិ សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរីករាលដាលកាន់តែខ្លាំង។

នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។ ក្រសួងការបរទេសអាមេរិកបានប្រកាសដូច្នេះថា «ចូរកុំធ្វើដំណើរទៅកាន់ប្រទេសចិន ខណៈមូលហេតុគឺដោយសារតែការរីករាលនៃដាល វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ហើយពលរដ្ឋអាមេរិកទាំងឡាយ ដែលកំពុងស្ថិតនៅក្នុងប្រទេសចិន គួរតែគិតគូរចាកចេញពីទីនោះ តាមរយៈជើងហោះហើរ»។

ក្រសួងការបរទេសអាមេរិកក៏បានធ្វើការកត់សម្គាល់ដែរថា អាកាសចរណ៍ជាច្រើននៅជុំវិញពិភពលោកបានកាត់បន្ថយ ឬក៏ផ្អាកជើងហោះហើរតែម្តងជាមួយប្រទេសចិន។

គួរជម្រាបថា រដ្ឋាភិបាលអាមេរិកបានបញ្ជូនជើងហោះហើរពិសេសមួយ ទៅនាំយកប្រជាពលរដ្ឋរបស់ខ្លួនជិត ២០០នាក់ចេញពីទីក្រុងវូហាន (Wuhan) របស់ប្រទេសចិន ដែលបច្ចុប្បន្នពួកគេទាំងនោះ កំពុងត្រូវដាក់ឲ្យនៅកន្លែងតាមដានពិសេសមួយ ក្នុងមូលដ្ឋានទ័ពអាកាសអាមេរិក នៅរដ្ឋកាលីហ្វរញ៉ា សម្រាប់រយៈពេលយ៉ាងហោច ៧២ម៉ោង។

សម្រាប់ករណីអ្នកផ្ទុកវីរុសកូរ៉េណាប្រភេទថ្មី នៅសហរដ្ឋអាមេរិកនាពេលនេះបានកើនដល់ ០៦ករណី ខណៈមួយករណីចុងក្រោយគឺជាការឆ្លងពីមនុស្សទៅមនុស្ស (ពីប្រពន្ធទៅប្តី) នៅរដ្ឋអ៊ីលីណយស៍ (Illinois)៕

ដកស្រង់ពី៖ Fresh News