បណ្តាញសង្គម

កូរ៉េខាងត្បូងទើបរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី២នាក់ទៀត ក្នុងនោះម្នាក់ឆ្លងពេលទៅសិង្ហបុរី និងម្នាក់ទៀតឆ្លងពីសមាជិកគ្រួសារ, ចំនួនសរុបកើនដល់១៨ករណី

 (សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង ទើបតែបានប្រកាសពីការរកឃើញ អ្នកផ្ទុកវីរុសកូរ៉ូណាថ្មីចំនួន ០២នាក់បន្ថែមទៀត នៅថ្ងៃពុធនេះ ហើយបុរសម្នាក់ក្នុងចំណោមនោះ គឺទើបតែត្រឡប់មកពីសិង្ហបុរី ដោយមិនធ្លាប់មានប្រវត្តិទៅកាន់ទីក្រុងវូហាន (Wuhan) ប្រទេសចិននោះឡើយ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាមការស្វែងយល់ពីប្រវត្តិនៃបុរសកូរ៉េខាងត្បូង ដែលបានឆ្លងវីរុសកូរ៉ូណាខាងលើនេះ រូបគាត់បានធ្វើដំណើរទៅកាន់សិង្ហបុរី ដើម្បីចូលសន្និបាតមួយ ហើយក៏បានទាក់ទងជាមួយ ជនជាតិម៉ាឡេស៊ីម្នាក់ ដែលក្រោយមកត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី ។

បុរសកូរ៉េខាងត្បូងរូបនោះមានអាយុ ៣៨ឆ្នាំ បានចាកចេញទៅសិង្ហបុរីពីថ្ងៃទី១៨ ខែមករា និងត្រឡប់ មកវិញនៅថ្ងៃទី២៤ ខែមករា កន្លងទៅនេះ ហើយក្រោយពីមានការផ្សព្វផ្សាយកាន់តែខ្លាំង អំពីការផ្ទុះនៃវីរុសកូរ៉ូណាថ្មី លោកក៏បានទៅទទួលការធ្វើតេស្ត រួចក៏រកឃើញមានផ្ទុកវីរុសដ៏សាហាវនេះតែម្តង។

ដោយឡែកករណីឆ្លងមួយទៀតវិញ គឺទៅលើនារីកូរ៉េខាងត្បូងវ័យ ២១ឆ្នាំម្នាក់ ដែលនាងជាកូនស្រីរបស់ជនជាតិកូរ៉េខាងត្បូងទី ១៦ ដែលត្រូវបានរកឃើញថា មានផ្ទុកវីរុកូរ៉ូណាថ្មីកាលពីថ្ងៃអង្គារម្សិលមិញ។ បច្ចុប្បន្ននេះអ្នកផ្ទុកវីរុសកូរ៉ូណាសរុប នៅកូរ៉េខាងត្បូងបានកើនឡើងដល់ ១៨ករណីហើយ ខណៈនៅប្រទេសចិន មនុស្សសរុប ៤៩០នាក់បានស្លាប់ និងមនុស្សរហូតដល់ ២៤,៣២៤នាក់ឆ្លង៕

ដកស្រង់ពី៖ Fresh news