បណ្តាញសង្គម

ជប៉ុនបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ថ្មីមួយគ្រឿង ដើម្បីតាមដានសកម្មភាពកូរ៉េខាងជើង

 (តូក្យូ)៖ ជប៉ុនបានបង្ហោះផ្កាយរណប ស៊ើបការណ៍ថ្មីមួយគ្រឿង ឡើងទៅកាន់គន្លងអវកាស ដែលត្រូវគេរំពឹងថា នឹងជួយរដ្ឋាភិបាលជប៉ុនក្នុង ការផ្តិតយករូបភាព នៃមូលដ្ឋានមីស៊ីលរបស់កូរ៉េខាងជើង។

នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Kyodo នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ ផ្កាយរណបស៊ើបការណ៍ខាងលើត្រូវបាននាំយកឡើងទៅកាន់ទីអវកាស ដោយគ្រាប់រ៉ុក្កែតធុន H-IIA ដែលត្រូវបានបាញ់កាលពីថ្ងៃអាទិត្យ ម្សិលមិញ ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima។

ផ្កាយរណបនោះបានឡើងដល់ទីអវកាស នៅ២០នាទីក្រោយ ការបាញ់បង្ហោះ។ ផ្កាយរណបនោះមានតម្លៃជាង៣០០លានដុល្លារ និងបំពាក់នូវប្រព័ន្ធកាមេរ៉ា ដែលអាចផ្តិតយតរូបភាពបានយ៉ាងច្បាស់។

គួរជម្រាបថា ផ្កាយរណបស៊ើបការណ៍នោះ នឹងធ្វើប្រតិបត្តិការជំនួសផ្កាយរណបមួយ ក្នុងចំណោមផ្កាយរណបស៊ើបការណ៍សរុប៧គ្រឿង ដែលជប៉ុនកំពុងប្រើប្រាស់ដើម្បីឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើង។ ផ្កាយរណបស៊ើបការណ៍ទាំងនោះ មានពីរប្រភេទ រួមមានប្រភេទអុបទិក ដែលប្រើឧបករណ៍ស្រដៀងទៅនឹងកាមេរ៉ាឌីជីថល និងប្រភេទរ៉ាដា អាចចាប់យករូបភាពក្នុងពេលងងឹង និងពេល អាកាសធាតុមិនអំណោយផលបាន។

បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនមានផ្កាយរណបស៊ើបការណ៍ប្រភេទកាមេរ៉ាឌីជីថល២គ្រឿង និងប្រភេទរ៉ាដា ចំនួន៥គ្រឿង ដែលកំពុងដំណើរការ ហើយគ្រោងនឹងបង្កើនចំនួននេះឲ្យដល់១០៕

 

ដកស្រង់ពី៖ Fresh News