Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កប៉ាល់ទេសចរណ៍ខ្នាតយក្សនៅជប៉ុនបន្តរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៦០នាក់ទៀត ធ្វើឲ្យចំនួនអ្នកឆ្លងលើកប៉ាល់ឡើងដល់១៣០នាក់

  • បោះពុម្ព

 (តូក្យូ)៖ ការពិនិត្យធ្វើតេស្ត រកមើលវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) លើកប៉ាល់ទេសចរណ៍ធំមួយនោះ នៅប្រទេសជប៉ុន បានបន្តរកឃើញ អ្នកឆ្លងវីរុសនេះចំនួន៦០នាក់ បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅលើប៉ាល់កើនដល់១៣០នាក់ហើយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ កប៉ាល់ទេសចរណ៍ Diamond Princess ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមដានរយៈពេលពីរសប្តាហ៍ នៅពេលមកដល់ទីក្រុង Yokohama ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុង កាលពីខែមុន ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី។

កប៉ាល់នោះមានផ្ទុកអ្នកដំណើរនិងបុគ្គលិករបស់កប៉ាល់ផ្ទាល់សរុបជាង៣,៧០០នាក់ ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថា អាជ្ញាធរជប៉ុននឹងធ្វើតេស្តលើពួកគេទាំងអស់តែម្តងឬយ៉ាងណា។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ មនុស្សជាង៣,៦០០នាក់នៅលើកប៉ាល់ទេសចរណ៍ខ្នាតធំមួយគ្រឿងទៀត នៅឯទីក្រុងហុងកុង ដែលរួមមានអ្នកដំណើរនិងបុគ្គលិករបស់កប៉ាល់ ទីបំផុតត្រូវបានអនុញ្ញាតឲ្យចុះពីលើកប៉ាល់ បន្ទាប់ពីត្រូវបានហាមមិនឲ្យចុះចាប់តាំងតែពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺពីរថ្ងៃក្រោយករណីកប៉ាល់ទេសចរណ៍ Diamond Princess នៅជប៉ុន ដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណាប្រភេទថ្មី ព្រោះកប៉ាល់នោះក៏ធ្លាប់ដឹកអ្នកដំណើរ ដែលក្រោយមកត្រូវបានរកឃើញថាឆ្លងវីរុសដែរ។

អាជ្ញាធរសុខាភិបាលក្រុងហុងកុងបានប្រកាសថា ពុំមានអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅលើកប៉ាល់ទេសចរណ៍នោះឡើយ ដែលមានឈ្មោះថា World Dream៕

ដកស្រង់ពី៖ Fresh News