បណ្តាញសង្គម

បុរសម្នាក់ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ឡើងទៅលើ បណ្តាលឲ្យផ្អើលទីក្រុងបាងកក

(បាងកក)៖ សំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានលឺចេញពីហាងលក់សម្លៀកបំពាក់ កីឡាមួយកន្លែង នៅផ្លូវ Chula 10 ក្នុងសង្កាត់ Pathumwan នៃទីក្រុងបាងកករបស់ប្រទេសថៃ នៅថ្ងៃសុក្រនេះ។

នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ូលិសថៃបានបញ្ជាក់ប្រាប់ថា  បុរសម្នាក់អាយុប្រហែល៤០ឆ្នាំ បានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ឡើងទៅលើអាកាស ចេញពីដំបូលហាង  លក់សម្លៀកបំពាក់ កីឡារបស់ខ្លួន កាលពីម៉ោងប្រហែល០៤៖០០នាទី ទាបភ្លឺថ្ងៃសុក្រនេះ។

ប៉ុន្មានម៉ោងក្រោយមក ទីបំផុតអាជ្ញាធរថៃក៏រំងាប់អារម្មណ៍បុរសម្នាក់នោះបានសម្រេច នៅនៅម៉ោង១០៖៤០នាទីព្រឹក បាននាំខ្លួនគាត់ទៅកាន់ស្ថានីយប៉ូលិសប្រចាំសង្កាត់ Pathumwan។ បើតាមការលើកហេតុផលរបស់បុរសម្នាក់នោះផ្ទាល់ គឺដោយសារគាត់ តប់ប្រមល់ក្នុងអារម្មណ៍ខ្លាំងពេក ព្រោះតែបញ្ហាក្នុងគ្រួសារ។

គួរជម្រាបថា ហេតុការណ៍ខាងលើ មិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ ប៉ុន្តែធ្វើឲ្យមានការភ្ញាក់ផ្អើលមួយប្រាវដែរ នៅ ក្នុងតំបន់កើតហេតុនោះ ខណៈកាលពីមួយសប្តាហ៍មុនទើបតែមានការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវ នៅឯទីក្រុងនគររាជសីមា ដែលស្ថិតនៅចម្ងាយខ្ទង់ ២៥០គីឡូម៉ែត្រពីទីក្រុងបាងកក៕

ដកស្រង់ពី៖ Fresh News