បណ្តាញសង្គម

នាយករដ្ឋមន្ត្រីថៃត្រៀមជួបក្រុមសហជីពកម្មករ ដើម្បីរិះរកវិធីកុំឲ្យសហរដ្ឋអាមេរិក ព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលនឹងនាំឲ្យថៃខាតបង់១.៣ពាន់លានដុល្លារ!

 (បាងកក)៖ ក្រុមសហជីពកម្មករ នឹងត្រូវជួបជាមួយ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃទី០៣ ខែមីនាខាងមុខនេះ ដើម្បីពិភាក្សាគ្នារកមធ្យោបាយ បញ្ជៀសកុំឱ្យសហរដ្ឋអាមេរិក ព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ប្រទេសថៃ ខណៈមានការព្រមាន ជាច្រើនថាការព្យួរនេះអាចនឹង ប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់។

នេះបើតាមកាចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ មុនជំនួបខាងលើកើតឡើង លោក ឆាលី ឡូយសូអុង (Chalee Loysoong) ដែលជាអនុប្រធាន គណៈកម្មាធិការសាមគ្គីភាពកម្មករថៃបានព្រមានថា ការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP អាចនឹងបង្កផលប៉ះពាល់ដល់កម្មករយ៉ាងហោចណាស់ ៤០,០០០នាក់ កំពុងបម្រើការនៅតាមឧស្សាហកម្មជាច្រើន។

បណ្ដាញសហជីពនៅក្នុងប្រទេសថៃ ចង់ឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធ GSP ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ តំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសថា ខ្លួននឹងផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ថៃមានតម្លៃជាង ១.៣ពាន់លានដុល្លារ ហើយនឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ជាមួយការលុបចោលនូវការអនុគ្រោះពន្ធលើផលិតផលនាំចូលពីថៃចំនួន ៥៧៣មុខ ដែលអាចនឹងប្រឈមមុខនឹងការបង់ពន្ធ ៤.៥ភាគរយ។

ការប្រកាសលុបចោលនេះទៀតសោត ធ្វើឡើងដោយសារតែរដ្ឋាភិបាលថៃបានបរាជ័យ ក្នុងការដោះស្រាយបញ្ហា រំលោភបំពានសិទ្ធិកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ និងវិស័យដឹកជញ្ជូនតាមកប៉ាល់ទំនិញ។ ដូច្នេះបើថៃចង់បានប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រឡប់មកវិញ រដ្ឋាភិបាលទីក្រុងបាងកក ត្រូវតែបង្ហាញសហគមន៍អន្តរជាតិថា ខ្លួនមានការប្ដេជ្ញាចិត្តក្នុងការលើកម្ពស់ និងការពារសិទ្ធិពលករ៕

ដកស្រង់ពី៖ Fresh News