បណ្តាញសង្គម

កូរ៉េខាងត្បូងរកឃើញករណីឆ្លង COVID-19 ថ្មីដល់ទៅ២០នាក់ ធ្វើឲ្យចំនួនករណីសរុបកើនដល់៥១

 (សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា ករណីថ្មីនៃការឆ្លងមេរោគកូរ៉ូណាថ្ មីនៅប្រទេសអាស៊ីខាងកើតនេះ  បានកើនឡើងដល់ទៅ២០ករណី បន្ថែមទៀត សម្រាប់ថ្ងៃពុធនេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ កូរ៉េខាងត្បូង ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការដោះដូរពាណិជ្ជកម្ម បាននិងកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារតែការផ្ទុះរាល ដាលយ៉ាងខ្លាំងក្លាយ នៃវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិន ដែលជាប្រទេសជិតខាងរបស់ខ្លួន។

ចំនួនករណីវីរុសកូរ៉ូណាថ្មី នៅកូរ៉េខាងត្បូង ផ្ទាល់ គឺមិន មានការប្រែប្រួលខ្លាំងនោះប៉ុន្មានទេ ប៉ុន្មានថ្ងៃកន្លងទៅ ប៉ុន្តែករណីថ្មីដែលរកឃើញនៅថ្ងៃពុធនេះ គឺដល់ទៅ២០ករណី។ បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ ដែលហៅកាត់់ថា KCDC បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ២០ករណីផ្សេងទៀត ត្រូវបានគេរកឃើញ។

ប្រការនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងពី៣១ករណី ដល់៥១ករណី។ ក្នុងចំណោម អ្នកឆ្លងថ្មីទាំងនោះ មាន១៨នាក់នៅខេត្ត Daegu និងខេត្ត North Gyeongsang ហើយ១៥នាក់ក្នុងចំណោមពួកគេទៀតសោត ត្រូវបានអាជ្ញាធរជឿថា មានទំនាក់ទំនងនិងប៉ះពាល់ជាមួយនឹងអ្នកជំងឺតែម្នាក់ប៉ុណ្ណោះ គឺស្ត្រីមា្នក់ អាយុ៦១ឆ្នាំ។

ស្រ្តីម្នាក់នោះ មានអាការៈក្តៅខ្លួនដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ប៉ុន្តែមិនព្រមឲ្យគេបានធ្វើតេស្តរកមេរោគកូរ៉ូណាថ្មី ដែលគេហៅថា COVID-19 នោះទេ ដោយហេតុថានាងមិនបានធ្វើដំណើរទៅបរទេស។ ដូច្នេះ ស្រ្តីខាងលើមិនត្រូវបានដាក់ឲ្យនៅដាច់ពីគេឯងទេ រហូតដល់មួយសប្តាហ៍ក្រោយមក ទើបនាងត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុស COVID-19 ដែលជាករណីទី៣១របស់ប្រទេសនេះ កាលពីថ្ងៃអង្គារម្សិលមិញ។

គួរជម្រាបថា ទីក្រុងសេអ៊ូលបានដាក់បម្រាមមិនឲ្យជនបរទេសដែលមកពីខេត្តហ៊ូប៉ី ដែលចំណុចកណ្តាលនៃផ្ទុះឡើងនូវវីរុស ចូលប្រទេសខ្លួននោះទេ ហើយក៏បានព្យួទិដ្ឋាការមិនឲ្យចូលទៅកោះជេជូ ដែលជាកោះទទួលបានការពេញនិយម ពីសំណាក់ភ្ញៀវទេសចរចិនផងដែរ។ តែទោះយ៉ាងណា កូរ៉េខាងត្បូង មិនបានដាក់បម្រាមហាម អ្នកដំណើរដែលមកពីប្រទេសចិនទាំងមូល នោះឡើយ៕

ដកស្រង់ពី៖ Fresh News