បណ្តាញសង្គម

អ្នកជំនាញជប៉ុនចេញមុខរិះគន់រដ្ឋាភិបាល ចំពោះចំណាត់ការទប់ស្កាត់ការឆ្លង COVID-19 លើកប៉ាល់ខ្នាតយក្ស Diamond Princess

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុន កំពុងប្រឈមមុខ ទៅនឹងការរិះគន់កាន់តែខ្លាំងឡើងៗ ជុំវិញចំណាត់ការរបស់ខ្លួន ពាក់ព័ន្ធនឹង កប៉ាល់ទេសចរណ៍ ដាយមិនដ៍ព្រីនសេស (Diamond Princess) ដោយអ្នកជំនាញខ្លះ បានលើកឡើងថា ការហាមមិនឲ្យមនុស្សចុះពីលើកប៉ាល់ អស់រយៈពេលប្រមាណ ០២សប្តាហ៍កន្លងមកនេះ ប្រហែលពុំមានប្រសិទ្ធភាពឡើយ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 នៅលើនោះ។

នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់ជប៉ុនម្នាក់គឺលោក ខេនតារ៉ូ អ៊ីវ៉ាតា (Kentaro Iwata) នៃសាកលវិទ្យាល័យកូបេ (Kobe) កន្លងមកនេះបានបង្ហោះវីដេអូជាច្រើន ដែលរិះគន់ធ្ងន់ៗទៅលើការដោះស្រាយបញ្ហាកប៉ាល់ Diamond Princess ដោយរដ្ឋាភិបាលជប៉ុន។

លោក Iwata បានលើកឡើងថា ស្ថានការណ៍នៅលើកប៉ាល់ Diamond Princess គឺបានស្ថិតក្នុងភាពវឹកវរទាំងស្រុង ហើយបំពានទៅលើនីតិវិធី នៃការការពារជំងឺឆ្លងថែមទៀត។ បើតាមលោក Iwata មនុស្សរាប់ពាន់នាក់នៅលើកប៉ាល់ទេសចរណ៍ ត្រូវបានបង្ខាំងទុកនៅលើនោះ ដោយពុំមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យឆ្លងជំងឺនោះទេ។

អ្នកជំនាញខាងលើបានបន្តថា នៅលើកប៉ាល់ Diamind Princess គឺមិនមានកន្លែងណា ដែលអាចកំណត់ថា មិនមានការឆ្លងមេរោគ និងកន្លែងណាដែលអាចកំណត់ថា មានមេរោគនោះឡើយ លោក Iwata មានក្តីបារម្ភខ្លាំង រហូតលោកសុខចិត្តដាក់ខ្លួនឯង ឲ្យនៅដាច់ពីគេរយៈពេល ១៤ថ្ងៃ ដើម្បីកុំឲ្យឆ្លងដល់គ្រួសាររបស់លោក ក្រោយពីលោកបានឡើងទៅពិនិត្យមើលផ្ទាល់ លើកប៉ាល់នោះមួយភ្លែត កាលពីថ្ងៃអង្គារកន្លងទៅនេះ។

គួរជម្រាបថា មនុស្សជាង ៥៤០នាក់បានឆ្លង COVID-19 នៅលើកប៉ាល់ Diamond Princess ហើយថ្ងៃពុធនេះអាជ្ញាធរជប៉ុនបានចាប់ផ្តើម អនុញ្ញាតឲ្យអ្នកដែលពុំបានឆ្លងវីរុស ចុះមកពីលើកប៉ាល់វិញហើយ ដោយមនុស្សប្រមាណ ៥០០នាក់ដំបូងក្នុងចំណោមជាង ៣,០០០នាក់ ត្រូវបានអនុញ្ញាតឲ្យចុះ។

ចំណែកទីភ្នាក់ងារទប់ស្កាត់ជំងឺឆ្លងរបស់អាមេរិក CDC ក៏បានបង្ហាញមន្ទិលសង្ស័យផងដែរថា ការបង្ខាំងមនុស្សនៅលើកប៉ាល់ Diamond Princess រយៈពេលប្រមាណពីរសប្តាហ៍មកនេះ ហាក់មិនគ្រប់គ្រាន់នោះទេ ដោយសម្អាងទៅលើចំនួនអ្នកឆ្លងលើកប៉ាល់ ហើយជាពិសេសចំនួនករណីនៃអ្នកឆ្លង ដែលពុំមានបង្ហាញរោគសញ្ញាសង្ស័យអ្វីទាំងអស់ ពោលគឺអ្នកដែលត្រូវបានអនុញ្ញាតឲ្យចុះពីលើកប៉ាល់ទាំងនោះ ទោះមិនត្រូវបានពិនិត្យឃើញថា ឆ្លងក៏ដោយនៅតែអាចបង្កហានិភ័យដដែល៕

ដកស្រង់ពី៖ Fresh News