បណ្តាញសង្គម

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ១៧ឆ្នាំ ពីបទពុករលួយ

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារ ១៧ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះ រួមមានទាំងការទទួលសំណូក និងរំលោភអំណាចពាក់ព័ន្ធ នឹងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ដ DAS ដែលជាកម្មសិទ្ធិនៃបងប្រុសរបស់លោក។

តែលោកធ្លាប់ បានបដិសេធការចោទប្រកាន់ទាំងនេះ ជាច្រើនដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGNT នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសវនាការលើកទី២ នៅថ្ងៃពុធនេះ តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល ក៏បានពិន័យ លោក Lee Myung-bak ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតី កូរ៉េខាងត្បូង ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ជាបា្រក់១៣ពាន់លានវ៉ុន ឬ១១លានដុល្លារ ព្រមទាំងលុបចោលការអនុញ្ញាតឱ្យលោក Lee នៅក្រៅឃុំដោយបង្គាប់ ឱ្យអាជ្ញាធរបញ្ជូនរូបលោកទៅឃុំខ្លួនជាថ្មី ផងដែរ។

លោក Lee មានអាយុ៧៨ឆ្នាំ ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំកាលពីខែមីនា ឆ្នាំ២០១៩ ដោយសារតែលោកមានបញ្ហាសុខភាព។ គួររំលឹកថា តុលាការជាន់ទាប ក្នុងប្រទេសកូរ៉េខាងត្បូង បានផ្ដន្ទាទោសលោក Lee Myung-bak ដាក់ពន្ធនាគារ១៥ឆ្នាំ។

ប៉ុន្តែ កាលពីខែមករា កន្លងទៅ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើឱ្យតុលាការជាន់ខ្ពស់ ផ្ដន្ទាទោស លោក Lee Myung-bak ដាក់ពន្ធនាគាររហូតដល់ទៅ២០ឆ្នាំ និងពិន័យជាប្រាក់១២.៦ លានដុល្លារ (១៥ពាន់លានវ៉ុន) ដោយសំអាងថា លោកមិនបានបង្ហាញការសោកស្ដាយចំពោះកំហុសដែលបានប្រព្រឹត្ត និងគេចវេសពីការទទួលខុសត្រូវ។

តុលារការជាន់ទាប បានរកឃើញថាលោក Lee គឺជាអ្នកមានអំណាចជាងគេបំផុតក្នុងការគ្រប់គ្រងក្រុមហ៊ុន DAS ហើយលោកបានប្រើប្រាស់អំណាច ជាប្រធានាធិបតី ដើម្បីស្វែងរកផលចំណេញឱ្យក្រុមហ៊ុនមួយនេះ និងខ្លួនឯងផ្ទាល់ ក្នុងនោះរួមមានទាំងការទទួលសំណូក ៨.៥ពាន់លានវ៉ុន៕

ដកស្រង់ពី៖ Fresh News