បណ្តាញសង្គម

ក្រុមហ៊ុននាវា Westerdam សម្រេចលុបគម្រោងធ្វើដំណើរកម្សាន្តចំនួន៤ ក្រោយមានបញ្ហា ហើយសងប្រាក់ឱ្យភ្ញៀវទេសចរវិញ

(ភ្នំពេញ)៖ ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវា Westerdam បានប្រកាសលុបចោល គម្រោងធ្វើដំណើរចំនួន៤ ដែលគ្រោងធ្វើឡើង នៅអំឡុងខែមីនា និងមេសាខាងមុខនេះ ដោយសារតែពិបាកក្នុងការចូលចត នៅកំពង់ផែមួយចំនួន ក្នុងតំបន់អាស៊ី។

ពាក់ព័ន្ធនឹងការលុបគម្រោងនេះ ក្រុមហ៊ុនក៏បានសម្រេចសងប្រាក់ ទៅកាន់ភ្ញៀវទេសចររបស់ខ្លួនវិញដែរ។ តាមការប្រកាសរបស់ក្រុមហ៊ុននេះ នៅលើ Facebook ផ្លូវការរបស់ក្រុមហ៊ុន Holland America Line បានបញ្ជាក់ថា គម្រោងធ្វើដំណើរតាមកប៉ាល់ Westerdam ចំនួន៤គោលដៅនោះ រួមមាន៖

* គម្រោងធ្វើដំណើរពីថ្ងៃទី១៤ ដល់ទី២៨ ខែមីនា មានរយៈ១៤ថ្ងៃ គឺកូរ៉េខាងត្បូង និងជប៉ុន ដែលនឹងត្រូវធ្វើដំណើរកម្សាន្តចេញពីទីក្រុង Yokohama ប្រទេសជប៉ុន ទៅកូរ៉េខាងត្បូង ហើយត្រឡប់មកទីក្រុង Yokohama វិញ។ * គម្រោងធ្វើដំណើរពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា, រយៈពេល១៤ថ្ងៃ ធ្វើដំណើរកម្សាន្តក្រោមការរៀបចំរបស់ក្រុមហ៊ុន Japan Explorer ដោយនឹងត្រូវចេញដំណើរពីទីក្រុង Yokohama។

* គម្រោងធ្វើដំណើរពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែមេសា, ១៤ថ្ងៃ ជប៉ុន និងរុស្ស៊ី ចេញពីដំណើរពីទីក្រុង Yokohama ប្រទេសជប៉ុន ទៅរុស្ស៊ី ហើយត្រឡប់មកទីក្រុង Yokohama វិញ * គម្រោងធ្វើដំណើរពីថ្ងៃទី២៥ ដល់ថ្ងៃទី១០ ខែឧសភា, រយៈពេល១៦ថ្ងៃ ដោយត្រូវធ្វើដំណើរឆ្លងកាត់តំបន់ប៉ាស៊ីហ្វិកខាងជើង និងចេញដំណើរពីទីក្រុង Yokohama ទៅកាន់ទីក្រុង Vancouver, ខេត្ត British Columbia ប្រទេសកាណាដា ដោយឡែក ការបញ្ជាក់បន្ថែម និងគម្រោងធ្វើដំណើរកម្សាន្តតាមកប៉ាល់ Westerdam នៅដើមខែឧសភា នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រុមហ៊ុន Holland America Line បានអះអាងថា ខ្លួនបាននិងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ លើការវិវត្តស្ថានភាព ក៏ដូចជាលទ្ធភាពនានា ដើម្បីអាចរៀបចំគម្រោងដំណើរកម្សាន្តតាមកប៉ាល់នៅក្នុងតំបន់អាស៊ី ខណៈបណ្ដាប្រទេសក្នុងតំបន់ កំពុងព្រួយបារម្ភពីជំងឺ COVID-19។

យើងមិនដែលចង់ធ្វើឱ្យភ្ញៀវរបស់យើង មានការអាក់អន់ស្រពន់ចិត្តអ្វីនោះទេ តែទោះជាយ៉ាងនេះក្ដី បច្ចុប្បន្នយើងមិនមានទំនុកចិត្តថា អាចនឹងផ្ដល់បទពិសោធន៍ធ្វើដំណើរកប៉ាល់ បំពេញតាមការចង់បាន ឬរំពឹងទុករបស់ពួកគាត់ឡើយ។ ក្រុមហ៊ុនបញ្ជាក់ថា ភ្ញៀវទេសចររបស់ខ្លួនទាំងអស់នឹងទទួលបានប្រាក់ ដែលពួកគេចំណាយទិញសំបុត្រ និងរាល់ការចំណាយនានាលើគម្រោងធ្វើដំណើរកម្សាន្ត ដែលត្រូវបានលុបចោលត្រឡប់មកវិញ ហើយពួកគេម្នាក់ៗនឹងទទួលបានផងដែរ នូវការបញ្ចុះតម្លៃពី ២៥ ដល់ ៥០ភាគរយ សម្រាប់ការធ្វើដំណើរកម្សាន្ត នៅលើកក្រោយ អាស្រ័យទៅលើកាលបរិច្ឆេទចេញដំណើរ៕

ដកស្រង់ពី៖ Fresh News