បណ្តាញសង្គម

កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងជើង បានតម្រូវឱ្យជនបរទេស ៣៨០នាក់ ស្ថិតនៅកន្លែងដាច់ដោយឡែក ឆ្ងាយពីគេឯង ដែលជាការវិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លង COVID-19 ខណៈប្រទេសឯកោជាងគេបំផុត នៅលើពិភពលោកមួយនេះ  មិនទាន់សេចក្ដីរាយការណ៍ ពីករណីឆ្លងជំងឺនេះនៅឡើយទេ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍ដូចខាងលើ ដោយផ្អែកលើសារព័ត៌មានមជ្ឈិមរដ្ឋកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ ហើយមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ ដោយគ្រាន់តែឱ្យដឹងថា ជនបរទេសទាំងអស់ភាគច្រើនជាមន្ត្រីទូតប្រចាំទីក្រុងព្យុងយ៉ាង។

ជនបរទេស ២០០នាក់ ក៏ធ្លាប់ត្រូវបានអាជ្ញាធរកូរ៉េខាងជើង ដាក់ឱ្យនៅដាច់ដោយឡែកពីគេឯងអស់រយៈពេល ៣០ថ្ងៃរួចហើយដែរ។ ប៉ុន្តែនៅពេលការដាក់ឱ្យនៅដាច់ដោយឡែកពីគេឯង ផុតកំណត់ អាជ្ញាធរស្រាប់តែអូសបន្លាយវិធានការបន្តទៀត រីឯវិធានការថ្មីលើជនបរទេសខាងលើ ក៏មិនទាន់ដឹងថា នឹងមានរយៈពេលប៉ុន្មានថ្ងៃនោះឡើយ។

គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នមិនទាន់មានសេចក្ដីរាយការណ៍ពីករណីឆ្លង COVID-19 ណាមួយ នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ បើទោះជាមានការសង្ស័យជាច្រើនថា ទីក្រុងព្យុងយ៉ាងកំពុងព្យាយាមលាក់បាំងករណីឆ្លងនោះក៏ដោយ៕

ដកស្រង់ពី៖ Fresh News