បណ្តាញសង្គម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅដល់ប្រទេសឥណ្ឌា ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូង

(ញូដេលី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច រយៈពេល ២ថ្ងៃ ក្រោមការទទួលស្វាគមន៍ដោយផ្ទាល់ របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។

នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ដំណើរទស្សនកិច្ចផ្លូវរបស់លោក ត្រាំ មកកាន់ប្រទេសឥណ្ឌាជាលើកដំបូង ត្រូវគេរំពឹងថានឹងផ្តោតសំខាន់ទៅលើការធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងទាក់ទងរវាងប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទាំងពីរ។

យន្តហោះ Air Force One របស់លោក ដូណាល់ ត្រាំ បានមកចុះមកដល់ អាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad នៃរដ្ឋ Gujarat ដែលជាទីកន្លែងកំណើត របស់ លោក ណារិនដ្រា ម៉ូឌី។ នៅទីនោះ លោកប្រធានាធិបតីអាមេរិក ត្រូវគេរំពឹងថា នឹងធ្វើការថ្លែងសុន្ទរកថានៅឯកីឡដ្ឋានដ៏ធំមួយ ក្នុងពិធីស្វាគមន៍ដែលត្រូវបានរៀបចំ ឡើងដើម្បីទទួលដំណើរទស្សនកិច្ចរបស់លោកហៅថា «Namaste Trump» ជាមួយមនុស្សម្នាចូលរួមយ៉ាងហោចដល់ទៅ១០០,០០០នាក់ ។

កំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន ក៏មានពិធីស្វាគមន៍យ៉ាងឱឡារិកស្រដៀងគ្នានេះដែរ។ គួរជម្រាបថា បន្ទាប់មកទៀត លោក ត្រាំ និងភរិយា នឹងបន្តដំណើរទៅទស្សនាប្រាសាទដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌាគឺ Taj Mahal ដែល ស្ថិតក្នុង Agra ហើយនៅថ្ងៃអង្គារ លោក នឹងជួបពិភាក្សាការងារជាមួយលោក ម៉ូឌី នៅរដ្ឋធានីញូដេលី៕

 

ដកស្រង់ពី៖ Fresh News