បណ្តាញសង្គម

អាម៉េរិក បញ្ជាក់អំពី ការដោះលែង អ្នកកាសែតម្នាក់ ដែលក្រុមឧទ្ទាម ចាប់ខ្លួននៅស៊ីរី

វ៉ាស៊ីនតោន៖ សេតវិមាន អាម៉េរិក នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា បានបញ្ជាក់អំពី ការដោះលែង អ្នកកាសែត អាម៉េរិកំាងម្នាក់ ដែលក្រុមឧទ្ទាម ចាប់ខ្លួន នៅក្នុងប្រទេសស៊ីរី កាលពីពីរឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាម ការលើកឡើង របស់លោកស្រី ស៊ូសាន រ៉ាយ ទីប្រឹក្សាសន្តិសុខជាតិ អាម៉េរិកថា លោក ភីតធ័រ ឌឹអូ ឃឺតទីស ដែលត្រូវក្រុម ឧទ្ទាមចាប់ជំរិត នៅជិតព្រំដែន រវាងស៊ីរី និងប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១២ នៅពេលនេះ មាន សុវត្ថិភាពនោះទេ នៅខាងក្រៅស៊ីរី។

លោកស្រី ស៊ូសាន រ៉ាយ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ថា «ថ្ងៃនេះ ពួកយើងបានចូលរួម ជាមួយ គ្រួសាររបស់លោក ឃឺតទីស និងមនុស្សជាទីស្រឡាញ់ សម្រាប់ការស្វាគមន៍ សេរីភាពរបស់លោក។ យើង រំពឹងថា លោកនឹងត្រឡប់ ទៅជួបជុំជាថ្មី ជាមួយគ្រួសារ ក្នុងរយៈពេល ដ៏ខ្លីខាងមុខ»។

ដំណឹងល្អនេះ បានកើតឡើង បន្ទាប់ពីអ្នកសារព័ត៌មាន អាម៉េរិក លោក ជែម ហ្វូឡេ ដែលត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតនៅស៊ីរី កាលពី ខែវិច្ឆិកា ឆ្នាំ២០១២ ត្រូវក្រុមឧទ្ទាមសម្លាប់ ដោយកាត់ក្បាល និងថែមទំាង បានបង្ហោះ ជាវីដេអូគម្រាមកំហែង សម្លាប់អ្នកសារព័ត៌មាន ឯករាជ្យម្នាក់ទៀត ឈ្មោះ ស្ទេវិន សុតឡូវ ដើម្បីសងសឹកទៅ នឹងការវាយប្រហារ ដែនអាកាសរបស់អាម៉េរិក មកលើទីតំាង ភាគខាង ជើងប្រទេសអ៊ីរ៉ាក់ ដែលជាកន្លែង ដែលខ្លួនកាន់កាប់ កាលពីពេលថ្មីៗនេះ៕

ដកស្រង់ពី៖ ដើមអម្ពិល