បណ្តាញសង្គម

ភ្នំភ្លើង Merapi នៅឥណ្ឌូណេស៊ីផ្ទុះយ៉ាងកក្រើក និងជះកម្អែលផេះឡើងលើអាកាស ៦គីឡូម៉ែត្រ

  (ហ្សាការតា)៖ ភ្នំភ្លើងមើរ៉ាពី (Merapi) ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងយ៉ាងកក្រើក និងជះកម្អែលផេះកប់ផ្ទៃអាកាសក្នុងរយៈកម្ពស់ដល់ទៅ ០៦គីឡូម៉ែត្រឯណោះ ហើយផ្ទះសម្បែងប្រជាជនដែលរស់នៅជុំវិញនោះ ត្រូវបានផេះគ្របសង្កត់អស់ទៅហើយ។

នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។ មើរ៉ាពីគឺជាភ្នំភ្លើងសកម្មមួយ ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីទីក្រុង យ៉ូកយ៉ាការតា (Yogyakarta) នៃកោះជ្វា។ អាជ្ញាធរឥណ្ឌូណេស៊ីបានចេញការប្រកាសអាសន្នកម្រិតខ្ពស់ ចំពោះភ្នំឡើងមួយនេះ ដោយតម្រូវឲ្យអាកាសចរណ៍នានាមានការប្រុងប្រយ័ត្នខ្ពស់ និងប្រជាជនត្រូវជម្លៀសចេញជាបន្ទាន់ពីតំបន់ជុំវិញភ្នំភ្លើង។

គួរបញ្ជាក់ថា ភ្នំភ្លើងមើរ៉ាពីបានផ្ទុះឡើងនៅវេលាម៉ោង ៥៖២២ព្រឹកព្រហាមថ្ងៃអង្គារនេះ តែម្តង ដោយសកម្មភាពដ៏ពុះកញ្ជ្រោលរបស់វាមានរយៈពេលជិត ៨នាទីឯណោះ។ ដោយឡែកកម្អែលផេះវិញត្រូវបានគេរាយការណ៍ថា បានគ្របដណ្តប់ពាសពេញលើតំបន់ជុំវិញ ភ្នំភ្លើង ក្នុងរង្វង់ប្រមាណ ១០គីឡូម៉ែត្រ៕

ដកស្រង់ពី៖ Fresh News