បណ្តាញសង្គម

ប្រទេសអ៉ីតាលី៖ «មនុស្សស្លាប់ដោយសារ COVID-19 កើនដល់៥២នាក់ ក្នុងចំណោមអ្នកឆ្លងជាង២,០០០ករណី»

(រ៉ូម)៖ នៅប្រទេសអ៊ីតាលី ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ៥២នាក់ហើយ ខណៈចំនួនអ្នកឆ្លងសរុប ដែលបានបញ្ជាក់ នៅក្នុងប្រទេសអ៊ឺរ៉ុប ដែលកំពុងរងផលប៉ះពាល់ ដ៏អាក្រក់បំផុតមួយនេះ បានកើនលើសពី ២,០០០នាក់ហើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអ៊ីតាលី ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃចន្ទម្សិលមិញនេះ គឺជាចំនួនខ្ពស់បំផុតបើរាប់ចាប់តាំងពី ១០ថ្ងៃមុន ដែលប្រទេសនេះ បានចាប់ផ្តើមទទួលរងការវាយប្រហារ ពីសំណាក់វីរុសដ៏ចម្លែកមួយនេះ ពោលគ្រាន់តែពេញមួយថ្ងៃចន្ទម្សិលមិញ មានអ្នកស្លាប់រហូតដល់ ១៨នាក់។

តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺភាគច្រើនស្ថិតនៅតំបន់ភាគខាងជើង នៃប្រទេសអ៊ីតាលី តួយ៉ាងដូចជា តំបន់ឡុមបាឌី (Lombardy) និងតំបន់វែណេតូ (Veneto) ព្រោះគ្រាន់តែតំបន់ឡុមបាឌី ដែលស្ថិតនៅជុំវិញទីក្រុងហិរញ្ញវត្ថុរបស់អ៊ីតាលីវែនីស (Venice) តែឯងប៉ុណ្ណោះ មានជនរងគ្រោះដល់បាត់បង់ជីវិតរហូតដល់ ៣៨នាក់។

អាជ្ញាធរតំបន់ Lombardy បានអំពាវនាវឲ្យមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំទៅ ស្នាក់នៅក្នុងផ្ទះព្រោះទិន្នន័យបានបង្ហាញថា ពួកគេទាំងនេះគឺងាយនឹងរងគ្រោះបំផុត ដោយសារជំងឺនេះ។ ជាមួយគ្នានេះដែរ លោក ហ្គីលីយ៉ូ ហ្គលឡឺរ៉ា (Giulio Gallera) ដែលជាសមាជិកក្រុមប្រឹក្សាប្រចាំតំបន់ ទទួលបន្ទុកគោលនយោបាយសុខុមាលភាព បានមានប្រសាសន៍ថា «អ្នកដែលបានស្លាប់ភាគច្រើន គឺជាមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ និងមានបញ្ហាសុខភាពប្រចាំកាយស្រាប់»។

គួរជម្រាបថា បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារការពារស៊ីវិលបានឲ្យដឹងថា តួលេខសរុបនៃអ្នកកើតជំងឺ COVID-19 ក្នុងប្រទេសអ៊ីតាលីបានកើនដល់ ២,០៣៦នាក់ ដោយក្នុងនោះ ១៤៩នាក់បានព្យាបាលឲ្យជាសះស្បើយឡើងវិញ៕

ដកស្រង់ពី៖ Fresh News