បណ្តាញសង្គម

ក្រោយស្ងាត់មួយរយៈ ហ្វីលីពីនរកឃើញករណីឆ្លង COVID-19 ២បន្ថែមទៀត ធ្វើឲ្យករណីសរុបកើនដល់៥នាក់

(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះថា ខ្លួនបានរកឃើញ អ្នកឆ្លងជំងឺ COVID-19 ចំនួន២នាក់បន្ថែមទៀត  ដែលប្រការនេះធ្វើអ្នកឆ្លងសរុប បានកើនឡើងដល់៥នាក់ហើយនៅទូទាំងប្រទេស។

នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ ២០២០។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ស្តីអំពីស្ថានការណ៍ជំងឺ COVID-19 លោក Francisco Duque ដែលជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលហ្វីលីពីន បានបញ្ជាក់ថា ករណីថ្មីទាំងពីរខាងលើ មានម្នាក់ គឺជាបុរសជនជាតិហ្វីលីពីនអាយុ៤៨ឆ្នាំ មានប្រវត្តិធ្វើដំណើរ ទៅប្រទេសជប៉ុន ហើយបានត្រលប់ មកដល់ប្រទេសហ្វីលីពីនវិញកាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ ក៏បានមានអាការៈក្តៅខ្លួន ចាប់ពីថ្ងៃទី០៣ ខែមីនា។

ចំណែកឯម្នាក់ទៀត ក៏ជាជនជាតិហ្វីលីពីនដែរ គឺមានអាយុ៦២ឆ្នាំ ប៉ុន្តែមិនមានប្រវត្តិធ្វើដំណើរ ទៅក្រៅប្រទេសឡើយ។ ជាមួយគ្នានេះ លោក Francisco Duque បានបន្ថែមទៀតថា ក្រសួងសុខាភិបាលហ្វីលីពីនកំពុងតែសហការទាក់ទងយ៉ាងជិតស្និទ្ធជាមួយអង្គភាពរដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងរកនិងកំណត់អត្តសញ្ញាណបុគ្គលទាំងអស់ ដែលមានទំនាក់ទំនងនឹងករណីទាំងពីរខាងលើ។

គួរជម្រាបថា គិតត្រឹមថ្ងៃសុក្រនេះ អ្នកឆ្លងជំងឺ COVID-19 ចំនួន៥នាក់ហើយ ដែលត្រូវបានរកឃើញនៅហ្វីលីពីន ដោយក្នុងនោះមានម្នាក់បានបាត់បង់ជីវិត៕

ដកស្រង់ពី៖ Fresh News