បណ្តាញសង្គម

នាយករដ្ឋមន្ត្រីឥណ្ឌា សូមការអភ័យទោសពីប្រជាជន ចំពោះ«វិធានការបិទប្រទេស» ខណៈអ្នកឆ្លង COVID-19 កើនជិតដល់ ១,០០០នាក់

(ញូដេលី)៖ នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសូមការភ័យទោស ពីប្រជាជនឥណ្ឌា ចំពោះវិធានការ បិទប្រទេសទាំងមូល ២១ថ្ងៃ នៃរដ្ឋាភិបាល របស់លោក ដែលបង្កការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង ស្របពេលវិធានការនេះ រងការចោទប្រកាន់ថាធ្វើឡើង ដោយគ្មានផែនការរៀបចំ ទុកជាមុនគ្រប់គ្រាន់់ មុននឹងធ្វើ ការសម្រេចចិត្ត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។ លោក ម៉ូឌី កាលពីថ្ងៃអង្គារសប្ដាហ៍មុន បានប្រកាសបិទប្រទេសទាំងមូល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ជាមួយការបង្គាប់ឱ្យប្រជាជន ១.៣ពាន់លាន នាក់ស្ថិតនៅក្នុងផ្ទះ និងអាចចេញក្រៅ ដើម្បីរកតែសេវាចាំបាច់ប៉ុណ្ណោះ។

ប៉ុន្តែ ការសម្រេចចិត្តនេះ បានបង្កផលប៉ះពាល់ដល់ ប្រជាជនឥណ្ឌាមានជីវភាពក្រីក្ ររាប់លាននាក់ ដោយអ្នកខ្លះ ត្រូវអត់ឃ្លាតខ្វះមុខ ខ្វះក្រោយ និងបង្ខំឱ្យពលករគ្មានការងារធ្វើ ត្រូវចេញពីទីក្រុង ដោយត្រូវដើរ ក្នុងចំងាយផ្លូវរាប់រយគីឡូម៉ែត្រ ដើម្បីទៅភូមិកំណើតរបស់ពួកគេ។

យ៉ាងណាមិញ ថ្លែងនៅក្នុងសុន្ទរកថាមួយ តាមវិទ្យុជាតិកាលពីថ្ងៃអាទិត្យ លោក ម៉ូឌី បានសូមអភ័យទោស  និងសុំការយោគយល់ ពីប្រជាជនឥណ្ឌាចំពោះការសម្រេចចិត្ត នៃរដ្ឋាភិបាលរបស់លោក។

លោកនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ជាដំបូង! ខ្ញុំចង់សូមការភ័យទោស ពីប្រជាជនឥណ្ឌាទាំងអស់...ប្រជាជនក្រីក្រ អាចនឹងគិតថាតើខ្ញុំជានាយករដ្ឋមន្ត្រី ប្រភេទណា ដែលធ្វើឱ្យពួកគេ ជួបទុក្ខលំបាក...តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ថា វាគឺជាស្ថានភាពគ្មានជម្រើសអ្វីផ្សេងល្អជាងនេះ។ ដូច្នេះ វិធានការដែលកំពុងអនុវត្ត...នឹងជួយឥណ្ឌាយកឈ្នះលើ COVID-19»។

គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌាមានអ្នកឆ្លង COVID-19 កើនដល់៩៧៩នាក់ ក្នុងនោះ២៥នាក់បានស្លាប់។ ប្រឈមមុខនឹងវិបត្តិនេះ រដ្ឋាភិបាលទីក្រុងញូដេលី ក៏បានបញ្ចេញកញ្ចប់ថវិកា ២២.៦ពាន់លានដុល្លារ ដើម្បីជួសជុលសេដ្ឋកិច្ច ដែលខាតបង់ដោយសារ ក៏ដូចជាផ្ដល់ជាសាច់ប្រាក់សុទ្ធ និងម្ហូបអាហារដល់ប្រជាជន ក្រីក្រផងដែរ៕

ដកស្រង់ពី៖ Fresh News