បណ្តាញសង្គម

អាមេរិកនឹងលុបទណ្ឌកម្មទាំងអស់ពីវេណេស៊ុយអេឡា បើសិនជាលោក នីកូឡាស់ ម៉ាឌូរ៉ូ «ព្រមចុះចេញពីតំណែង» និងបង្កើតក្រុមចំរុះ

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានលើកឡើងនូវផែនការថ្មីមួយ ទៅកាន់រដ្ឋាភិបាលវេណេស៊ុយអេឡាថា សហរដ្ឋអាមេរិក នឹងព្រមលុបចោលទណ្ឌកម្ម ដែលបានដាក់ប្រឆាំង នឹងប្រទេសវេណេស៊ុយអេឡាទាំងអស់ ប្រសិនបើមេដឹកនាំរបស់ប្រទេសនេះ យល់ព្រមនឹង «កិច្ចព្រមព្រៀងបែងចែកអំណាច» របស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។ ក្រោមផែនការរបស់សហរដ្ឋអាមេរិកនេះ គឺតម្រូវឲ្យប្រធានាធិបតីវេណេស៊ុយអេឡាបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីមុខដំណែង ហើយនឹងបង្កើតក្រុមប្រឹក្សាអន្តរកាលមួយ ដើម្បីគ្រប់គ្រងប្រទេសរហូតដល់មានការបោះឆ្នោតថ្មីមួយ។

គួរជម្រាបថា រដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថិតក្រោមការគ្រប់គ្រង់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា ក្នុងគោលបំណងបង្ខំឲ្យលោកប្រធានាធិបតី ម៉ាឌូរ៉ូ ចុះចេញពីតំណែង។ទោះបីយ៉ាងណារហូតមកដល់ពេលនេះ លោក ម៉ាឌូរ៉ូ បានប្រឆាំងរាល់ការប៉ុនប៉ង ទំលាក់លោកចេញពីអំណាច ខណៈរូបលោកមានគាំទ្រពីសំណាក់ ប្រទេសរុស្ស៊ី ចិន និងគុយប៉ា។

កាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិកក៏បានប្រកាន់ជំហរកាន់តែតឹងរ៉ឹងជាងមុនជាមួយលោកប្រធានាធិបតី ម៉ាឌូរ៉ូ ផងដែរ ដោយបានចោទប្រកាន់រូបលោក និងមន្រ្តីជាន់ខ្ពស់ដទៃទៀតថាជា «ភេវរករគ្រឿងញៀន»។ វ៉េណេស៊ុយអេឡាបានធ្លាក់ក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ។

អតិផរណាបានកើនឡើងដល់ ៨០០,០០០%កាលពីឆ្នាំមុន ហើយប្រជាជនប្រមាណ ៤,៨ លាននាក់បានភៀសខ្លួនចេញពីប្រទេស។ បញ្ហានេះវាកាន់តែធ្ងន់ធ្ងរទៅៗនារយៈពេលចុងក្រោយនេះ ដោយសារការធ្លាក់ចុះ នៃតម្លៃប្រេងនៅលើពិភពលោក ក៏ដូចជាការរីករាលដាលនៃជំងឺឆ្លង COVID-19។

ទោះជាយ៉ាងណានៅចំពោះមុខស្ថានការណ៍ជាក់ស្តែង ដែលសកលលោកកំពុងប្រឈមមុខនឹងវិបត្តិជំងឺឆ្លង ក្រុមអ្នកវិភាគមើលឃើញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឥឡូវនេះបានផ្លាស់ប្តូរជំហររបស់ខ្លួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ នៅប្រទេសវ៉េណេស៊ុយអេឡា៕

ដកស្រង់ពី៖ Fresh News