ថៃរកឃើញអ្នកឆ្លង COVID-19 ៣៤នាក់ថ្មី និងម្នាក់ទៀតស្លាប់, ករណីឆ្លងសរុប២,៦១៣នាក់ និងស្លាប់សរុប៤១នាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣៤ ករណីបន្ថែមទៀត ខណៈស្ត្រីជនជាតិថៃម្នាក់ អាយុ៥២ ឆ្នាំបានស្លាប់បាត់បង់ជិវិត។
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) អ្នកនាំពាក្យអង្គភាពប្រយុទ្ធប្រឆាំង នឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗ ទាំង៣៤ករណីខាងលើ មាន២៧ករណី មានទំនាក់ទំនងនឹងករណីមុនៗ និង ០៤ករណីផ្សេងទៀត មិនមានទំនាក់ទំនងនឹងករណីពីមុនៗមកទេ ខណៈ ០២ករណី កំពុងស្ថិតនៅក្រោម ការស៊ើបរកប្រភពនៅឡើយ។
រីឯ១ករណីទៀត ជាបុរសជនជាតិថៃ ដែលស្ថិតក្រោមការដាក់ដាច់ដោយឡែកស្រាប់ ធ្វើដំណើរត្រឡប់មកពី ឥណ្ឌូណេស៊ី។
គួរជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើង នៃការឆ្លងរីករាលជំងឺ COVID-19 កាលពីដើមខែមករាមកន្លងទៅនេះ ប្រទេសថៃបានកត់ត្រាចំនួនអ្នកឆ្លងសរុបចំនួន ២,៦១៣ ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៤១ នាក់បានស្លាប់ ខណៈ ១,៤០៥ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕
ដកស្រង់ពី៖ Fresh News