បណ្តាញសង្គម

អន្តរជាតិមន្ត្រី​កូរ៉េខាងត្បូង អះអាងថា លោក​គីម ជុង​អ៊ុន នៅមាន​ជីវិត​និង​សុខភាព​ល្អ​

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមានជីវិត និងមានសុខភាពល្អប្រសើរ។

នេះបើតាមសម្តីទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់លោកប្រធានាធិបតី មូន ចេអ៊ីន ។ ការលើកឡើងបែបនេះ គឺជាការទាត់ចោលពាក្យចចាមអារ៉ាមជុំវិញបញ្ហាសុខភាពមេដឹកនាំវ័យក្មេងនៃរបបផ្ដាច់ការកូរ៉េខាងជើង បន្ទាប់ពីអវត្តមានលោកពីពិធីប្រារព្ធខួបដ៏សំខាន់មួយ។«ជំហររដ្ឋាភិបាលយើង គឺម៉ឺងម៉ាត់»។

លោក មូន ជុងអ៊ីន (Moon Chung-in) ទីប្រឹក្សាពិសេសផ្នែកសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់បែបនេះក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អាមេរិក CNN នៅថ្ងៃ២៦ មេសា។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«លោក គីម ជុងអ៊ុន នៅរស់រានមានជីវិត និងមានសុខភាពល្អប្រសើរ»។

ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីរូបនេះ អះអាងទៀតថា លោក គីម ជុងអ៊ុន កំពុងស្នាក់នៅក្រុង វ៉ុនសាន (Wonsan) ដែលជាក្រុងលំហែកាយនាភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី១៣ មេសា មកម្ល៉េះ។ ត្រង់ចំណុចនេះ លោក មូន ជុងអ៊ីន លើកឡើងថា៖«មកទល់ពេលនេះ គ្មានឡើយហេតុការណ៍គួរឲ្យសង្ស័យណាមួយ ត្រូវបានពើបប្រទះនោះទេ»។

ពាក្យចចាមអារ៉ាមជុំវិញបញ្ហាសុខភាពលោក គីម ជុងអ៊ុន បានសុះសាយ ចាប់តាំងលោកអវត្តមានយ៉ាងចម្លែកពីពិធីសាទរខួបកំណើតជីតាលោក ស្ថាបនិកនៃប្រទេសកូរ៉េខាងជើង លោក គីម អ៊ីលសុង កាលពីថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃដ៏សំខាន់បំផុតប្រចាំប្រទេសមួយនេះ។

លោក គីម ជុងអ៊ុន លែងមានវត្តមាននៅទីសាធារណៈ ចាប់តាំងពីធ្វើជាប្រធានជំនួបបក្ស កាលពីថ្ងៃទី១១ មេសា។ មួយថ្ងៃក្រោយមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា លោកកំពុងចុះទៅត្រួតពិនិត្យយន្តហោះចម្បាំងនៅមូលដ្ឋានទ័ពអាកាសមួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។

ក្រោយអវត្តមានលោក គីម ជុងអ៊ុន មានរបាយការណ៍ដែលគ្មានប្រភពច្បាស់លាស់មួយចំនួន ចុះផ្សាយពីស្ថានភាពសុខភាពលោក។ ហើយព័ត៌មានបែកធ្លាយចុងក្រោយបង្អស់ ដែលរាយការណ៍ដោយសារព័ត៌មាន Daily Mail របស់អង់គ្លេស បានចុះផ្សាយទាំងគ្មានប្រភពច្បាស់លាស់ថា លោក គីមជុងអ៊ុន បានទទួលមរណភាព។

កន្លងទៅ ប្រភពព័ត៌មាន២ រួមមាន សារព័ត៌មានអនឡាញ Daily NK ដែលដំណើរការដោយក្រុមអ្នករត់ភៀសខ្លួនពីកូរ៉េខាងជើង និងទូរទស្សន៍អាមេរិក CNN បានអះអាងថា លោក គីម ធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយឆ្លងកាត់ការវះកាត់បេះដូង។ ពួកគេ សុទ្ធតែដកស្រង់ប្រភពមិនច្បាស់លាស់។ យ៉ាងណាមិញ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានទាត់ចោលរបាយការណ៍ទាំងនេះ ដោយអះអាងថា លោក គីម មានសុខភាពល្អ តែបដិសេធបញ្ជាក់វេលា ដែលអ្នកទាំងពីរបានប្រាស័យទាក់ទងគ្នាចុងក្រោយ៕

ដកស្រង់ពី៖ Thmey Thmey