បណ្តាញសង្គម

ក្រុង​វូ​ហាន​ដែល​ផ្ទុះ COVID-19 ដំបូង​គេ លែងមាន​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​

 ទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ដំបូង លែងមានអ្នកជំងឺព្យាបាលនៅក្នុងមន្ទីរពេទ្យទៀតហើយ។

នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលចិន នាថ្ងៃទី២៦ ខែមេសា។ផ្សារលក់គ្រឿងសមុទ្រ ក្នុងក្រុងវូហាន ត្រូវបានគេសង្ស័យថា ជាកន្លែងផ្ទុះCOVID-19 ដំបូង ក្នុងខែធ្នូ ឆ្នាំ ២០១៩ ។

ក្នុងរយៈពេលខ្លីបន្ទាប់ មនុស្សជាច្រើននាក់ ត្រូវបានគេរកឃើញថាមានផ្ទុកកូរ៉ូណាវីរុស ហើយមន្ទីរពេទ្យក្នុងក្រុងទាំងអស់ពោរពេញដោយអ្នកជំងឺ។ រហូតដល់ខែមករា ជំងឺឆ្លងសកលមួយនេះ បានចាប់ផ្តើមរីកសាយភាយ ទៅខេត្ត ក្រុង និងតំបន់ផ្សេងទៀតរបស់ចិន។

រដ្ឋាភិបាល បានចេញវិធានការបិទក្រុង ប្រព័ន្ធធ្វើដំណើរសាធារណៈ ចាប់បង្ខំឲ្យប្រជាជននៅផ្ទះ ពាក់ម៉ាស់ជាដើម នៅពាក់កណ្តាលខែមករា។ ក្នុងរយៈពេលជាង៤ខែក្រោយ ស្ថានភាព COVID-19 បានថមថយ និងចុះខ្សោយយ៉ាងខ្លាំង សូម្បីតែទីក្រុងវូហាន ដែលជាកន្លែងផ្ទុះ COVID-19 ក៏អស់អ្នកជំងឺព្យាបាលដែរ។ ក្នុងសន្និសីទកាសែតមួយ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខាភិបាលចិន បានលើកឡើងថា៖ «ព័ត៌មានចុងក្រោយនៅថ្ងៃទី២៦ ខែមេសា ចំនួនអ្នកជំងឺCOVID-19 គឺលែងមានទៀតហើយនៅក្នុងទីក្រុងវូហាន»។

បើតាមអ្នកនាំពាក្យ ការទទួលបានជោគជ័យលើជំងឺនេះ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាលចិនទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ នាពេលកន្លងមក មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺរលាកសួតនៅក្នុងទីក្រុងវូហាន បានដំឡើងតួលេខអ្នកឆ្លង និងអ្នកស្លាប់ COVID-19 ដែរ ដោយអះអាងថា មជ្ឈមណ្ឌលមិនទទួលបានព័ត៌មានត្រឹមត្រូវ និងខ្វះការសហការពីបុគ្គលិកសុខាភិបាលចិន ក្នុងអំឡុងពេលកូរ៉ូណាវីរុសកំពុងអុកឡុកខ្លាំងនៅក្នុងប្រទេស។

បញ្ហានេះ បានបង្កឲ្យប្រទេសមួយចំនួនរិះគន់ចិនថា បានលាក់ព័ត៌មាន និងខ្វះតម្លាភាព។ ក្រុងវូហានគ្មានអ្នកជំងឺ និងករណីឆ្លងមែន ប៉ុន្តែខេត្ត Heilongjiang ដែលជាប់ព្រំដែនជាមួយរុស្ស៊ី ត្រូវបានគេរកឃើញអ្នកផ្ទុកCOVID-19 យ៉ាងខ្លាំង។ ភាគច្រើននៃអ្នកជំងឺ គឺជាករណីនាំចូលមកពីរុស្ស៊ី។ គិតមកត្រឹមថ្ងៃទី២៦ ខែមេសា អ្នកជំងឺនាំចូលមកពីបរទេស ចិនមានចំនួនប្រមាណ ១៦០០ ករណី។ ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរចិនព្រួយបារម្ភជាខ្លាំងជុំវិញរលកឆ្លងCOVID-19 លើកទី២ ដែលអាចធ្វើឲ្យចិនកាន់តែរងគ្រោះខ្លាំងជាងមុន។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃទី២៧ ខែមេសា ចិនមានករណីឆ្លងនៅទូទាំងប្រទេសចំនួន ៣ករណី និងស្លាប់ ១ករណី។ តួលេខសរុបCOVID-19 នៅក្នុងប្រទេសចិនមានចំនួន ៨២៨៣០ករណី អ្នកស្លាប់ ៤៦៣៣នាក់ និងអ្នកជាសះស្បើយចំនួន ៧៧៤៧៤នាក់។ ចំណែកអ្នកជំងឺ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យមានត្រឹមតែ ៧២៣នាក់ប៉ុណ្ណោះ៕

ដកស្រង់ពី៖ Thmey Thmey