បណ្តាញសង្គម

កាណាដា ព្រមាន​ផលប៉ះពាល់​លើ​ការប្រើប្រាស់​ថ្នាំ​គ្រុនចាញ់​ដើម្បី​ព្យាបាល COVID-19

អាជ្ាញធរសុខាភិបាលកាណាដា បានចេញសេចក្ដីព្រមានមួយ ពាក់ព័ន្ធការប្រើប្រាស់ថ្នាំព្យាបាលគ្រុនចាញ់ chloroquine និង hydroxychloroquine ដើម្បីព្យាបាលជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស (COVID-19) ឬក៏យកធ្វើជាវ៉ាក់សាំង។

ថ្នាំទាំងពីរប្រភេទនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលាយ នៅមន្ទីរពេទ្យនៅប្រទេសជាច្រើន ដើម្បីព្យាបាលជំងឺ COVID-19 ។ ប៉ុន្តែប្រជាជនសាមញ្ញជាច្រើន ក៏នាំគ្នាទិញថ្នាំទាំងពីរមុខនេះ ដើម្បីការប្រើប្រាស់ដោយមិនសមស្រប។Chloroquine និង hydroxychloroquine អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។» នេះជាព្រមានរបស់ទីភ្នាក់ងារសុខភាពសាធារណៈរបស់កាណាដា នៅលើវេបសាយរបស់ខ្លួន នៅថ្ងៃទី២៥ ខែមេសា។

ស្ថាប័នដដែលនេះ ព្រមានទៀតថា ការប្រើប្រាស់ថ្នាំទាំងពីរនេះ គួរធ្វើឡើងក្រោមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។ ការព្រមាននេះ ធ្វើឡើងជាមួយនឹងការព្រួយបារម្ភថា ប្រជាជនកាណាដា អាចទិញថ្នាំពីរមុខនេះ ដើម្បីប្រើប្រាស់ដោយផ្ទាល់សំដៅការពារ ឬព្យាបាលជំងឺ COVID-19 ។ បើតាមអាជ្ញាធរសុខាភិបាលកាណាដា ថ្នាំទាំងពីរប្រភេទដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់នោះ អាចបង្កដោយឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ចង្វាក់បេះដូង។

សម្រាប់កាណាដា chloroquine និង hydroxychloroquine ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់តែលើជំងឺគ្រុនចាញ់ និងជំងឺទាក់ទងប្រព័ន្ធភាពស៊ាំប៉ុណ្ណោះ។ ថ្នាំពីរប្រភេទនេះ ក៏ត្រូវរកឃើញថា បង្កបញ្ហាឲ្យក្រលៀន និងថ្លើម ធ្វើឲ្យជាតិស្ករធ្លាក់ចុះ ហើយប៉ះពាល់ប្រព័ន្ធប្រសាទទៀតផង។ ទីភ្នាក់ងារព័ត៌មានសុខាភិបាលខាងលើអះអាងថា ផលប៉ះពាក់លើចង្វាក់បេះដូង ដែលជាករណីធ្ងន់ធ្ងរបំផុត អាចធ្វើឲ្យបាត់បង់ជីវិតទៀតផង។

មិនមែនតែកាណាដាឡើយ ស្ថាប័នគ្រប់គ្រងឱសថអឺរ៉ុប និងអាមេរិក ក៏ធ្លាប់បានព្រមានពីគ្រោះថ្នាក់ នៃការប្រើប្រាស់ថ្នាំ chloroquine និង hydroxychloroquine ផងដែរ បើទោះជាថ្នាំទាំងនេះ មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ COVID-19 ។ សូម្បីតែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏គាំទ្រឲ្យប្រើប្រាស់ទាំងពីរនេះទៀតផង៕

ដកស្រង់ពី៖ Thmey Thmey