បណ្តាញសង្គម

COVID-19អន្តរជាតិទូត​ចិន ព្រមាន​អូស្ត្រាលី​ចំពោះ​ការទាមទារ​ស៊ើបអង្កេត​លើ​ជំងឺ COVID-19

ឯកអគ្គរដ្ឋទូតចិន ប្រចាំអូស្ត្រាលីបានព្រមានថា ការទាមទារឲ្យមានការស៊ើបអង្កេត ទៅលើការឆ្លងនៃជំងឺរាតត្បាតសកល COVID-19 អាចនាំឲ្យមានពហិការលើទំនិញ ដូចជាស្រា ឬធ្វើដំណើរកម្សាន្តទៅអូស្ត្រាលី ពីសំណាក់ប្រជាជនចិន។

ការព្រមានរបស់លោក Cheng Jingye អគ្គរដ្ឋទូតចិនប្រចាំទីក្រុងកង់បេរ៉ា ធ្វើឡើងបន្ទាប់ពីអូស្ត្រាលី សម្រេចរួមដៃជាមួយអាមេរិក ទាមទារឲ្យមានការស៊ើបអង្កេត ពីមូលហេតុដែលបណ្តាលឲ្យមានជំងឺ COVID-19 ដែលឆ្លងដំបូងនៅចិន តែក៏ក្លាយជាជំងឺរាតត្បាតសកល ដែលបានឆក់យកជីវិតមនុស្សជាង២សែននាក់ និងខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។

ក្នុងកម្មវិធីសម្ភាសន៍ជាមួយសារព័ត៌មាន Australian Financial Review នៅថ្ងៃទី២៦ ខែមេសា លោក Cheng បានព្រមានថា ការទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ ទៅលើប្រភពដើមនៃការផ្ទុះជំងឺ គឺជារឿងគ្រោះថ្នាក់។ លោកលើកឡើងថា៖ «សាធារណជនចិន មានការខកចិត្ត ភ្ញាក់ផ្អើល និងអន់ចិត្ត ចំពោះអ្វីដែលអូស្ត្រាលីកំពុងធ្វើ»។

បើតាមលោក Cheng បើសិនជាប្រជាជនចិន មានអារម្មណ៍អាក្រក់បន្ថែមពីនេះ ពួកគេនឹងគិតថា ហេតុអ្វីគេត្រូវទៅធ្វើដំណើរកម្សាន្តនៅប្រទេស ដែលមិនរាក់ទាក់ប្រជាជនចិន ហើយអ្នកទេសចរចិន ប្រហែលជានឹងគិតសារជាថ្មី។ លោកក៏អះអាងថា៖« វាអាស្រ័យទៅលើប្រជាជនចិន ជាអ្នកសម្រេចចិត្ត ប្រហែលជាប្រជាជនសាមញ្ញ នឹងគិតថាហេតុអ្វីយើងត្រូវផឹកស្រា ឬញាំសាច់គោអូស្ត្រាលី។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតចិន បានព្រមានពីលំហូររបស់និស្សិតចិន មករៀននៅសាកលវិទ្យាល័យអូស្រា្តលីផងដែរ។ នៅអូស្ត្រាលី ចំណូលដែលបានពីនិស្សិតបរទេស កំពុងរងការគម្រាមកំហែង ដោយសារការរឹតបន្តឹងការធ្វើដំណើរ។ ត្រង់នេះ មន្ត្រីការទូតចិនរូបនេះបន្តថា ឪពុកម្តាយសិស្ស អាចនឹងគិតថា អូស្ត្រាលីជាកន្លែងដែលគ្មានភាពរាក់ទាក់ និងមានអរិភាព ហើយនឹងសួរថាតើអូស្ត្រាលី សក្តសមជាកន្លែងល្អបំផុត ក្នុងការបញ្ជូនកូនមកកាន់ទីនេះទេ។

ការធ្វើអធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិនបែបនេះ បង្ហាញឲ្យឃើញពីកើនឡើង នូវភាពតានតឹងរវាងចិន និងអូស្ត្រាលី ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ មានបញ្ហាស្រាប់ផងនោះ៕

ដកស្រង់ពី៖ Thmey Thmey