បណ្តាញសង្គម

COVID-19 នៅ​អាមេរិក មាន​ជាង ១​លាន​ករណី ខណៈ​លោក ត្រាំ រុញ​កំហុស​ឲ្យ​ចិន​

គិតមកត្រឹមពេលនេះ អាមេរិក មានករណីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) សរុបចំនួនជាង១លានករណីហើយ។

អត្រាមួយនេះ គឺមានចំនួនច្រើនជាង អេស្ប៉ាញ ដែលឈរនៅលំដាប់ទី២ រហូតដល់ទៅ ៤ដង។ លោក ដូណាល់ ត្រាំ បានរុញការទទួលខុសត្រូវនេះលើចិន។តួលេខ ១០១០៣៥៦ករណី គឺជាចំនួនករណីសរុបរបស់អាមេរិក បើគិតមកត្រឹមថ្ងៃទី២៧ ខែមេសា។ ក្នុងចំនួនជាង ១លានករណីនេះ មានករណីស្លាប់ចំនួន ៥៦៧៩៧ករណី និងជាសះស្បើយមានចំនួន ១៣៨៩៩០ ករណី។

បើតាមការចុះផ្សាយរបស់វេបសាយ Worldometer ញូវយ៉ក គឺជារដ្ឋដែលមានករណី COVID-19 ច្រើនជាងគេ រហូតដល់ជិត ៣០ម៉ឺនករណី ខណៈរដ្ឋ New Jersey ឈរនៅលំដាប់បន្ទាប់មានចំនួនជាង ១១ម៉ឺនករណី។ យ៉ាងណាក៏ដោយ តួលេខអ្នកផ្ទុក COVID-19 នៅអាមេរិកត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះបន្តិចក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។

នៅក្នុងថ្ងៃទី២៦ និងទី២៧ ខែមេសា អាមេរិកមានករណីឆ្លង១ថ្ងៃៗ ចំនួនជាង២ម៉ឺនករណីតែប៉ុណ្ណោះ ខណៈប៉ុន្មានថ្ងៃមុនអាមេរិក មានករណីឆ្លងរហូតដល់ជាង ៣ម៉ឺនករណីក្នុង ១ថ្ងៃៗ។ ពាក់ព័ន្ធបញ្ហានេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាថ្ងៃទី២៧ ខែមេសា បានលើកឡើងថា ចិន គួរតែអាចបញ្ឈប់កូរ៉ូណាវីរុស មុខពេលវីរុសប្រភេទនេះ រីកសាយភាយទៅកាន់ពិភពលោក។

ដោយមានការសង្ស័យលើដើមកំណើតCOVID-19 នេះ លោក ត្រាំ បានបន្តថា អាមេរិក កំពុងតែបើកការស៊ើបអង្កេតដ៏ត្រឹមត្រូវជុំវិញបញ្ហាកូរ៉ូណាវីរុសនេះ។ បើតាមការអះអាងរបស់ប្រធានាធិបតីរូបនេះ ចិនមានវិធីជាច្រើនណាស់ ក្នុងការទប់ស្កាត់ COVID-19 ទៅកាន់ពិភពលោក ប៉ុន្តែចិនមិនចាត់វិធានការ។

នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ជាមួយគ្នានេះ លោកត្រាំ ក៏ចង់ទាមទារសំណងពីចិនផងដែរ ជុំវិញការរាតត្បាត COVID-19 មកក្នុងប្រទេសខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា អាមេរិក កំពុងតែសិក្សាលើបញ្ហានេះ ហើយអាមេរិកក៏មិនទាន់សម្រេចចំនួនទឹកប្រាក់ ដែលទាមទារឲ្យចិនសងមកអាមេរិកដែរ៕

ដកស្រង់ពី៖ Thmey Thmey