បណ្តាញសង្គម

រុស្ស៊ីមានអ្នកឆ្លង COVID-19 កើនលើស១០០,០០០នាក់ហើយ ក្រោយរកឃើញអ្នកឆ្លងថ្មីជិត៧,១០០នាក់

  (ម៉ូស្គូ)៖ នាថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន៧,០៩៩នាក់ថ្មី ដែលជាអត្រាឆ្លង ប្រចាំថ្ងៃខ្ពស់មួយកម្រិតថែមទៀត និងធ្វើឲ្យតួលេខអ្នកឆ្លងសរុប នៅប្រទេសរុស្ស៉ីកើនដល់១០៦,៤៩៨នាក់។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Moscow Times នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។ ប្រការខាងលើធ្វើឲ្យរុស្ស៉ី ក្លាយជាប្រទេសលេខរៀងទី៨ ដែលមានករណីឆ្លងដល់ខ្ទង់សែននាក់  ហើយស្ថិតនៅលេខរៀង ដូចគ្នានេះដដែល ក្នុងចំណោមបណ្តាប្រទេស  ដែលទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុត នៅលើពិភពលោក ដោយសារ COVID-19 ផងដែរ បើគិតពីចំនួនអ្នកឆ្លង។

ចំនួនអ្នកឆ្លង COVID-19 នៅរុស្ស៉ីបានវ៉ាដាច់ចិននិងអ៉ីរ៉ង់ នាពេលកន្លងទៅក្នុងសប្តាហ៍នេះ។ គួរជម្រាបថា នៅចំពោះមុខការកើនឡើងខ្លាំងនៃអត្រាអ្នកឆ្លង COVID-19 នៅក្នុងប្រទេសរុស្ស៉ី ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចអូសបន្លាយពេលវេលានៃការអនុវត្តវិធានការរឹតបន្តឹង ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺនេះ រួមមានការឲ្យប្រជាជនឈប់សម្រាកជាដើម រហូតដល់ថ្ងៃទី១១ ខែឧសភា។

សម្រាប់នៅទីក្រុងម៉ូស្គូ នឹងចាប់ផ្តើមមានការសាងសង់មន្ទីពេទ្យបណ្តោះអាសន្ន ដែលនឹងអាចផ្តល់គ្រែសរុប១០,០០០គ្រែ សម្រាប់អ្នកជំងឺ COVID-19៕

ដកស្រង់ពី៖ Fresh News