បណ្តាញសង្គម

ក្នុងមួយថ្ងៃឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីជិត៣,៦០០នាក់ និងអ្នកជំងឺ១៧៩នាក់ស្លាប់បន្ថែមទៀត!

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទ ម្សិលមិញនេះ ប្រទេសឥណ្ឌា បានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ១៧៩នាក់បន្ថែមទៀត  ខណៈករណីឆ្លងថ្មីៗចំនួន ៣,៥៩៧ករណី ក៏ត្រូវបានរាយការណ៍ នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅញូដេលី) ចំនួនសរុបនៃអ្នកស្លាប់ ដោយសារជំងឺ COVID-19 ក្នុងប្រទេសបានកើនដល់ ១,៥៦៨នាក់ហើយ»។

ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ទៀតថា ក្រៅពីករណីស្លាប់ ក៏មានដែរករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,៥៩៧ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ នៅក្នុងរយៈពេលដូចគ្នានេះផងដែរ ដែលនាំឲ្យចំនួនករណីឆ្លង សរុបកើនដល់ ៤៦,៤៣៣ករណីនៅទូទាំងប្រទេស ដោយក្នុងនោះអ្នកជំងឺចំនួន  ១២,៧២៧នាក់ បានជាសះស្បើយឡើងវិញ។

ប្រការនេះវាបានធ្វើឲ្យតួលេខ នៃអ្នកជំងឺសកម្ម ឬអ្នកជំងឺ ដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្ យនាពេលបច្ចុប្បន្ន មានចំនួន ៣២,១៣៨នាក់។

គួរជម្រាបថា ថ្ងៃអង្គារនេះជាថ្ងៃទី ៤២ ហើយ នៃការអនុវត្តវិធានការបិទប្រទេសរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ដែលត្រូវបាន ដាក់ចេញកាលពីថ្ងៃទី២៥ ខែមីនា ខណៈវិធានការនេះត្រូវបានពន្យារជាលើកទី ២ សម្រាប់រយៈពេលសប្តាហ៍បន្ថែមទៀត ពោលវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី១៧ ខែឧសភា៕

ដកស្រង់ពី៖ Fresh News