Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនករណីឆ្លងជំងឺ COVID-19 នៅសិង្ហបុរីកើនឡើងយ៉ាងគំហុកបន្ថែមទៀត ក្រោយរកឃើញអ្នកឆ្លងថ្មី៧៤១នាក់ក្នុងពេលតែ១ថ្ងៃ

  • បោះពុម្ព

 (សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានប្រកាស ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៧៤១ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់ ២០,៩៣៩ករណីហើយ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅតាមអគារស្នាក់នៅសម្រាប់ពលករបរទេស ក្នុងប្រទេសដីកោះតូចមួយនេះ ហើយក្នុងនោះមានតែ ០៥ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកមានទីលំនៅអចិន្ត្រៃយ៍។

នៅក្នុងរដ្ឋសភាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្រ្តីសុខាភិបាលសិង្ហបុរីលោក កាន់ គីម យ៉ុង (Gan Kim Yong) បានលើកឡើងនូវកត្តាមួយចំនួន ដែលនឹងត្រូវពិចារណា មុនពេលអាចដកវិញនូវវិធានការរឹតត្បិត ដែលត្រូវដាក់ចេញ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃ COVID-19។

កត្តាទាំងនោះ រួមមានការថយចុះមកនៅដល់សូន្យ ឬក៏នៅក្រោម ១០ករណី នៃអត្រាឆ្លងក្នុងសហគមន៍ សម្រាប់រយៈពេលយូរសមរម្យមួយ ខណៈករណីឆ្លងក្នុងចំណោមពលករបរទេស ក៏ត្រូវតែថយចុះគួរឲ្យកត់សម្គាល់ដែរ ដ្បិតករណីឆ្លងភាគច្រើននៅក្នុងប្រទេសដីកោះ ដែលមានចំនួនប្រជាជនត្រឹម ៥.៨លាននាក់មួយនេះ គឺជាពលករបរទេសដែលធ្វើការនៅសិង្ហបុរី។

គួរជម្រាបថា ក្នុងចំណោមករណីឆ្លងសរុបទាំងអស់ចំនួន ២០,៩៣៩ ករណីខាងលើនេះ មានអ្នកជំងឺចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១,៦៣៤នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ។ សិង្ហបុរីជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង ១០ប្រទេស៕

ដកស្រង់ពី៖ Fresh News