បណ្តាញសង្គម

ចិនទំនងជាចង់ចរចា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយអាមេរិកឡើងវិញ ប៉ុន្តែលោក ដូណាល់ ត្រាំ ថាមិនចាប់អារម្មណ៍

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនចាប់អារម្មណ៍ឡើយ  ចំពោះការចរចាឡើងវិញ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មតំណាក់កាលទី ១ «Phase 1» ជាមួយចិន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា ទីប្រឹក្សារដ្ឋាភិបាលប៉េកាំងមួយចំនួន កំពុងជំរុញឱ្យមានកិច្ចចរចាជាថ្មី ឬមោឃៈភាពកិច្ចព្រមព្រៀងនេះតែម្ដង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ ដែលធ្លាប់បានពិចារណា បោះចោលកិច្ចព្រមព្រៀងតំណាក់កាលទី ១  បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា លោកចង់ឃើញទីក្រុងប៉េកាំង គោរពតាមសន្យាបង្កើន ការទិញផលិតផលអាមេរិក។

នៅក្រោមកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាកាលពីខែមករា ទីក្រុងប៉េកាំងបានសន្យាថា នឹងទិញផលិតផល និងសេវាកម្ម អាមេរិកបន្ថែមយ៉ាងហោច ២០០ពាន់លានដុល្លារ សម្រាប់រយៈពេល ០២ឆ្នាំ ជាថ្នូរនឹងការបន្ធូរបន្ថយការដំឡើងពន្ ធពីសហរដ្ឋអាមេរិក។

ប៉ុន្តែដោយសារតែការផ្ទុះឡើងនូវ COVID-19 ដែលកំពុងបង្កឱ្យប្រជាជនអាមេរិករាប់លាននាក់គ្មានការងារធ្វើ លោក ត្រាំ ផ្ទាល់ដែលធ្លាប់បន្ទោសចិន ជុំវិញការដោះស្រាយវិបត្តិជំងឺឆ្លងរាតត្បាតសកលនេះតាំងពីដំបូង បាននិយាយថា លោកមិនចាប់អារម្មណ៍ឡើយ ចំពោះការចរចាឡើងវិញលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១។

លោក បានលើកឡើងដូច្នេះថា «ខ្ញុំមិនចាប់អារម្មណ៍ចំពោះ ការចរចាឡើងវិញលើកិច្ចព្រមព្រៀងនេះ... យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ខ្ញុំក៏បានលឺផងដែរថា ពួកគេ (ចិន) ចង់បើកកិច្ចចរចាជាថ្មី ដើម្បីធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់ពួកគេ»។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរដ្ឋចិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ទីប្រឹក្សាមិនបញ្ចេញអត្តសញ្ញាម្នាក់នៃរដ្ឋាភិបាលចិន បានឱ្យដឹងថា ក្រុមមន្ត្រីចិនអាចនឹងពិចារណា ពីការសម្រេចមោឃៈភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាល់ទី ១ ហើយនឹងធ្វើការចរចាឡើងវិញជាថ្មី ដើម្បីស្វែងរកផលប្រយោជន៍បន្ថែមសម្រាប់ភាគីចិន៕

ដកស្រង់ពី៖ Fresh News