បណ្តាញសង្គម

កូរ៉េខាងត្បូងបន្តរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង​២០នាក់ក្នុង១ថ្ងៃ បន្ទាប់ពីការផ្ទុះករណីឆ្លងជាចង្កោម​ក្នុងក្លឹបកម្សាន្តនៅសេអ៊ូល

  (សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណី ឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៧នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប  នៅក្នុងប្រទេស អាស៊ីបូព៌ាមួយនេះ កើនដល់ ១១,០១៨ករណី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC បានគូសបញ្ជាក់ថា  ក្នុងចំណោមករណីឆ្លងថ្មី ខាងលើនេះមាន ២២នាក់ ជាករណីឆ្លងនៅក្នុងស្រុក និង ០៥នាក់ទៀតជាករណីនាំចូលពីបរទេស។

ទោះជាយ៉ាងណា នៅថ្ងៃដដែលនេះមិនមានករណីស្លាប់ ត្រូវបានរាយការណ៍ទេ  ខណៈចំនួនអ្នកស្លាប់សរុប នៅរក្សាបានត្រឹម ២៦០នាក់ ឬស្មើនឹង ២.៣៦% នៃចំនួនអ្នកជំងឺសរុបទាំងអស់។

ដោយឡែក សម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុប នៃអ្នកជាសះស្បើយឡើងវិញ  អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា បានកើនដល់ ៩,៨២១នាក់ហើយ ឬស្មើនឹង ៨៩.១% នៃចំនួនអ្នកជំងឺសរុបបន្ទាប់ពីអ្នកជំងឺចំនួន ៥៩នាក់បន្ថែមទៀត ទើបតែបានព្យាបាលឲ្យជាសះស្បើយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា។

គួរបញ្ជាក់ថា ថ្ងៃសុក្រនេះជាថ្ងៃទី ៦ជាប់ៗគ្នាមកហើយ ដែលអត្រាអ្នកឆ្លងថ្មី ប្រចាំថ្ងៃនៃជំងឺ COVID-19 នៅក្នុងប្រទេសមួយនេះ បានហក់ឡើងមកក្បែរខ្ទង់ ៣០ករណីវិញ បន្ទាប់ពីបានស្គាល់អត្រាអ្នកឆ្លង ប្រចាំថ្ងៃក្នុងរង្វង់ ១០ករណី ជិតមួយខែកន្លងទៅ។

បញ្ហានេះ វាបានកើតឡើងដោយសារតែ មានការឆ្លងរីលរាលដាលជាចង្កោមថ្មីមួយ នៅសង្កាត់ អ៉ីថេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល តាមរយៈបុរសម្នាក់ដែលមានផ្ទុកជំងឺនេះ ហើយបានទៅចូលលេងក្លឹបកម្សាន្ត ជាច្រើនកន្លែងក្នុងសង្កាត់នោះ។

សម្រាប់ការធ្វើតេស្ត និងតាមដានរកករណីសង្ស័យនៃការឆ្លងជំងឺ COVID-19 ក៏កំពុងត្រូវបានធ្វើឡើង យ៉ាងសកម្មផងដែរ ទៅលើក្រុមមនុស្សដែលបានចូលក្លឹបកម្សាន្ត នៅក្នុងទីក្រុងសេអ៊ូល ខណៈការព្រួយបារម្ភកំពុងកើនឡើង ជុំវិញជំងឺរាតត្បាតសកល ដែល អាចនឹងផ្ទុះការឆ្លងខ្លាំងឡើងវិញ  ដោយសារតែករណី ដែលបានកើនឡើង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៧២៦,០០០នាក់ហើយ ក្នុងចំណោមនោះ ៦៧៩,៨៥៤នាក់ មានលទ្ធផលអវិជ្ជមាន ខណៈ ១៩,៨៧៥នាក់កំពុងស្ថិតក្នុងការតាមដាន៕

ដកស្រង់ពី៖ Fresh News