បណ្តាញសង្គម

COVID-19 : មន្ទីរពេទ្យជាច្រើន ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ជិតដួលបះជើងហើយ!

(ប្រេស៊ីល)៖ អភិបាលក្រុង សៅ ប៉ូឡូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសប្រេស៊ីល បាននិយាយថា ប្រព័ន្ធសុខាភិបាលរបស់ខ្លួនប្រឈមមុខនឹងដួលរលំ ខណៈ ដែលតម្រូវការគ្រែសង្គ្រោះបន្ទាន់ សម្រាប់អ្នកជំងឺ COVID-19 ចេះតែកើនឡើងយ៉ាងគំហុក។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។ លោក Bruno Covas ដែលជាអភិបាលក្រុងសៅប៉ូឡូ បានគូសបញ្ជាក់ថា មន្ទីរពេទ្យរដ្ឋក្នុងទីក្រុង ៩០% គឺពេញអស់ ហើយអាចនឹងអស់កន្លែងតែម្តងក្នុង រយៈពេល ២សប្តាហ៍ទៀត។

ទីក្រុងសៅ ប៉ូឡូ ដែលជាតំបន់រងគ្រោះដោយសារជំងឹ COVID-19 ធ្ងន់ធ្ងរជាងគេបំផុតរបស់ប្រទេសប្រេស៊ីល មានអ្នកជំងឺស្លាប់ជិត ៣,០០០ នាក់គិតត្រឹមថ្ងៃចន្ទនេះ។ កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា កន្លងទៅនេះប្រេស៊ីលបានវ៉ាហួសអេស្ប៉ាញ និងអ៊ីតាលី ដោយដណ្តើមបានចំណាត់ថ្នាក់ លេខ៤ នៅលើពិភពលោក ក្នុងចំណោមបណ្តាប្រទេសដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត។

ក្នុងរយៈពេលត្រឹម ២៤ម៉ោងកន្លងទៅនេះ ប្រេស៊ីល បានកត់ត្រាករណីឆ្លងថ្មីចំនួន ៧,៩៣៨ ករណី និងស្លាប់៤៨នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុប ក្នុងប្រទេសអាមេរិកឡាទីនមួយនេះ កើនដល់ជាង ២៤១,០០០ករណី ខណៈចំនួនអ្នកស្លាប់សរុបវិញបានកើនដល់ ១៦,១១៨ នាក់។

ទោះជាបែបនេះក្តី បើតាមអ្នកជំនាញផ្នែកសុខភាពប្រេស៊ីលបានព្រមានថា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយណាស់ ដ្បិតប្រទេសមួយនេះខ្វះខាតឧបករណ៍ធ្វើតេស្ត ឬក៏ធ្វើតេស្តតែលើអ្នក ដែលបានចូលមន្ទីរពេទ្យហើយប៉ុណ្ណោះ។ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានទទួលរងការរិះគន់យ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេសចំពោះការចាត់វិធានការរបស់លោក ក្នុងការដោះស្រាយវិបត្តិ COVID-19 ខណៈលោក តែងតែប្រឆាំងជំទាស់នឹងវិធានការបិទប្រទេសនៅចំពោះមុខជំងឺរាតត្បាតនេះ។ លោកធ្លាប់បានចាត់ទុកថា COVID-19 គឺជាប្រភេទជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ មិនគួរចាត់វិធានការបិទប្រទេស ដែលនាំឲ្យខូចខាតសេដ្ឋកិច្ចជាតិនោះឡើយ។

បន្ថែមពីលើនេះ កាលពីខែមេសា កន្លងទៅនេះ លោក Bolsonaro បានចូលរួមជាមួយក្រុមបាតុករ ដែលទាមទារឲ្យលើកឡើងវិញនូវវិធានការរឹតត្បិត ទាំងឡាយ របស់អភិបាលខេត្ត-ក្រុងនានា។ លោកមានប្រសាសន៍ថា វិធានការរឹតត្បិតនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិខូចខាត ដែលនឹងនាំឲ្យអត្រាអ្នកអត់ការងារធ្វើ និងភាពអត់ឃ្លាន កាន់តែមានច្រើន៕

ដកស្រង់ពី៖ Fresh News