បណ្តាញសង្គម

ប្រទេសអ៊ីរ៉ាក់ មានការកើនឡើងនូវអត្រាឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត

ក្រសួងសុខាភិបាលអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 ចំនួន ១៤៤ ករណី ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីមានវត្តមានជំងឺរាតត្បាតនេះ ខណះដែលទីក្រុង Baghdad មានការឆ្លងជាលើកដំបូងរហូតដល់ច្រើនជាង ១០០ ករណីបែបនេះ។

រហូតមកដល់ពេលនេះ មនុស្សចំនួន ១២៣ នាក់បានស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈដែលមនុស្សចំនួន ២,២១៨ នាក់ បានជាសះស្បើយឡើងវិញ។

រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ាក់ បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាអជ្ញាធរសុខាភិបាល បានធ្វើតេស្តិ៍ទ្វេដងនៅតាមស្រុកជាច្រើន ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត ពិសេសនៅរដ្ឋធានី Baghdad បន្ថែមពីលើខេត្ត Basra នៅភាគខាងត្បូងនៃប្រទេស។

ប្រទេសអ៊ីរ៉ាក់ បាននិងកំពុងចាត់វិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 រួមទាំងដាក់ចេញនូវបម្រាមគោចរទូទាំងប្រទេសផងដែរ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។